ក្រោយ១០២​ថ្ងៃ គ្មាន​ករណី​ឆ្លង COVID-19 ក្នុង​សហគមន៍ នៅប្រទេសនូ​វែ​ល​សេ​ឡង់​ ស្រាប់តែពេលនេះមាន​ការឆ្លង​ជា​ចង្កោម​ថ្មី​ក្នុងប្រទេស សរុប១៧នាក់

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសនូ​វែ​ល​សេ​ឡង់ ក្រោយមានសភាពស្ងប់ស្ងាត់ករណីឆ្លង COVID-19 ក្នុង​សហគមន៍ អស់រយៈពេលជាង៣ខែមកនេះ ។ស្រាប់តែថ្មីៗនេះប្រទេសខ្លួន បានរកឃើញករណី​ឆ្លង​ថ្មីជាចង្កោម​ក្នុងប្រទេស សរុប​ចំនួន១៧​ករណីហើយ ខណៈរដ្ឋាភិបាលកំពុង​ញាប់​ដៃជើង​ក្នុង​ការរក​ប្រភព​ចម្លងជំងឺ COVID-19 នៅ​ទីក្រុង Auckland ។ ចំណែកឯប្រជាជន​ក្នុង​ទីក្រុង Auckland បាននាំគ្នា​សម្រុក​ទៅ​ផ្សារ​ទំនើប​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​ចាំបាច់​ទុក ខណៈ​រដ្ឋាភិបាល​ប្រកាស​រឹតបន្តឹង​ជាថ្មី​ក្នុង​ទីក្រុង​មួយ​នេះ​។

ជាក់ស្តែង នៅថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ នាយករដ្ឋមន្ត្រីនូ​វែ​ល​សេ​ឡង់ អ្នកស្រី ចា​ស៊ីន​ដា អា​ឌើ​ន (Jacinda Arden) ក៏បានព្រមាន​ថា ករណី​ឆ្លង​ថ្មី​ទំនង​នឹងត្រូវ​បាន​រកឃើញ​បន្ថែមទៀត​។​

សូមជម្រាបថា នូ​វែ​ល​សេ​ឡង់ អស់រយៈពេល១០២​ថ្ងៃមកហើយ ដែលប្រទេសមួយនេះគ្មាន​ករណី​ឆ្លង COVID-19 ក្នុង​សហគមន៍ ប៉ុន្តែស្រាប់តែថ្មីៗនេះ នូ​វែ​ល​សេ​ឡង់​ក៏មាន​ការឆ្លង​ជា​ចង្កោម​ថ្មី​ក្នុងប្រទេស​តែម្តង ។ ព្រោះនៅ​ថ្ងៃទី​១៣ ខែសីហា នេះ ក្រសួងសុខាភិបាល​នូ​វែ​ល​សេ​ឡង់ ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​១៣​នាក់​ថ្មី​នៅ​ទីក្រុង Auckland បន្ទាប់ពី​រកឃើញ​មួយ​គ្រួសារ​បួន​នាក់ ជា​ករណី​ឆ្លង COVID-19 ថ្មី​របស់​នូ​វែ​ល​សេ​ឡង់​កាលពី​ពីរ​ថ្ងៃមុន​។ ប្រទេស​នេះ​ក៏មាន​ករណី​ឆ្លង​នាំចូល​ពី​បរទេសមួយ​ផងដែរ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​បច្ចុប្បន្ន​មាន​៣៦ខណៈ​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​មាន​១៥៨៩​នាក់​។​

​​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា អ្នកកស្រី នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ចា​ស៊ីន​ដា អា​ឌើ​ន បញ្ជាក់ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅថ្ងៃទី​១៣ ខែសីហានេះថា នូ​វែ​ល​សេ​ឡង់​កំពុងស្ថិត​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន តែ​វា​នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ប្រញាប់ តាម​វិធីសាស្ត្រ​សមស្រប​។ អ្នកស្រី ក៏​កត់សម្គាល់​ដែរ​ថា ស្ថានភាព​នឹង​អាក្រក់ មុន​ប្រែ​ទៅជា​ល្អ​នៅពេល​ក្រោយ ហើយ​ករណី​ឆ្លង​ថ្មី​ទំនងជា​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ខាងមុខ​ទៀត​។

​អគ្គនាយក​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ Ashley Bloomfield និយាយថា អាជ្ញាធរ​ខិត​កាន់តែ​ជិត​ក្នុង​ការរក​អ្នកជំងឺ​ដំបូង​គេ​បង្អស់​។ លោកBloomfield ធ្លាប់​និយាយថា វីរុស​ទំនង​ចូល​នូ​វែ​ល​សេ​ឡង់​តាម​ការ​ទំនិញ​កក​ដែល​ដឹកជញ្ជូន​ពី​ក្រៅប្រទេស​។​ពេលនេះ អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ កំពុង​តាមរក​ប្រភព​ចម្លង​ថ្មី​នេះ​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន​ករណី​បី​ធ្វើការ​នៅ​កន្លែង​ស្តុក ដែលជា​ទីតាំង​សមាជិក​ម្នាក់​ក្នុងចំណោម​គ្រួសារ​បួន​នាក់​ឆ្លង COVID-19 មុនគេ ធ្វើការ​ដែរ​។

​ជាមួយ​ករណី​ឆ្លង​ថ្មី ទីក្រុង Auckland ដែលជា​ទីក្រុង​ធំជាងគេ​នៅ​នូ​វែ​ល​សេ​ឡង់ ត្រូវ​ស្ថិតក្រោម​ការ​រឹតត្បិត​កម្រិត​បី ហើយ​ផ្នែក​ឯទៀត​របស់​ប្រទេស​នេះ ស្ថិតក្រោម​វិធានការ​កម្រិត​ពីរ​។ ប្រជាជន​ទីក្រុង​នេះ នាំគ្នា​ទិញ​សម្ភារ​ចាំបាច់​ផ្សេង​ទុក ព្រោះ​ប្រជាជន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដើរហើរ​ក្រៅ​ផ្ទះ​ឡើយ បើ​គ្មាន​ការចាំបាច់​អំឡុងពេល​ការ​រឹតបន្តឹង​នេះ​។ ប្រជាជន​ខ្លះទៀត តម្រង់​ជួរ​ទទួល​ការធ្វើ​តេស្ត​រក​ជំងឺ COVID-19 ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print