ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះចរាចរណ៍ជិះម៉ូតូដួលខ្លួនឯង ខណៈគេឃើញប្រើប្រាស់ល្បឿនលឿន ម្យ៉ាងមេឃក៏កំពុងធ្លាក់ភ្លៀងផងដែរនោះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលនេះ បានកើតឡើងនៅវេលាម៉ោង៥ និង៥០នាទី ព្រលប់ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌នានានៅកន្លែងកើតហេតុ ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ គន គឿម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានបន្តថា មុនកើតហេតុគេឃើញជនរងរបួសជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K 8626 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុស្រាប់ដួលម្នាក់ឯង បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះ នៅមន្ទីរបង្អែកស្រុកភ្នំក្រវាញភ្លាមៗផងដែរ ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋានជាបណ្ណោះអាសន្ន ៕ ដោយ៖ បុឹម ពិន