សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចការងារ នៅសាធារណសង្គមនិយមវៀតណាម និងធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅសាធារណសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសវនាការជាមួយ លោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ បន្ទាប់ពីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម ដែលបានទទួមរណភាព កាលពីថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០២០។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ លោក ឡេ ខាភៀវ ជាការបាត់បង់គួរឱ្យស្តាយនូវថ្នាក់ដឹកនាំដ៏សំខាន់មួយរូបរបស់បក្ស កុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ដែលមានគុណូបការៈដ៏ធំធេងចំពោះប្រទេសជាតិ។

គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទំាងប្រជាជនកម្ពុជា រួមនិងខ្លួនសម្តេចផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ លោកស្រី ប្រធានរដ្ឋសភា និងប្រជាជនវៀតណាម ព្រមទំាងគ្រួសារនៃសព។

សម្តេចប្រធានរដ្ឋសភា សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធសព​ លោក ឡេ ខាភៀវ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រី ង្វៀន ធី គឹមងិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម និងបានឆ្លៀតឱកាសចូលគោរពវិញ្ញាណក្ខន្ធសព​ លោក ឡេ ខាភៀវ ។

លោកស្រីបានបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធសព​ លោក ឡេ ខាភៀវ ជាផ្លូវការ រដ្ឋាភិបាលរៀបចំនៅបីទីតំាងផ្សេងគ្នា គឺទីក្រុងហាណូយ ទីក្រុងហូជីមិញ និងស្រុកកំណើត របស់លោក ឡេ ខាភៀវ ផ្ទាល់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកស្រី ង្វៀន ធី គឹមងិន បានសម្តែងនូវការអបអរសាទរចំពោះចំណងមិត្តភាពសាមគ្គីភាពនៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានសាទរដែលវៀតណាម បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន តាមរយៈវីដេអូ ប្រកបដោយជោគជ័យ បើទោះបីសកលលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។

ជាមួយគ្នានេះ សម្តេចមានសង្ឃឹមមុតមាំថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ ដោយរៀបចំ តាមរយៈវីដេអូ នាដើមខែកញ្ញាក្រោយនេះ ក៏នឹងទទួលបានជោគជ័យបន្តទៀត។ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីរួមសហការគាំទ្រឲ្យដល់មហាសន្និបាតនោះ ឱ្យទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជាថ្មី ចំពោះវៀតណាម ដែលបានផ្តល់ជំនួយ ២៥លានដុល្លារអាមេរិក សម្រាប់កសាងអាគាររដ្ឋបាលរដ្ឋសភា។ សម្តេចបានលើកឡើងថា រហូតមកដល់ពេលនេះ ក្រុមមន្រ្តីជំនាញ នៃប្រទេសទំាងពីរ កំពុងធ្វើការទៅតាមនីតិវិធី ទោះបីមានភាពស្មុគស្មាញបន្តិច តែ គណៈកម្មការសាងសង់ បានដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់រួចហើយ នឹងឈានទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ដែលត្រូវប្រើប្រាស់ថវិកានោះ ដោយតម្លាភាព ជាទីបំផុត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងរបត់ថ្មី នៃការរាតត្បាត ជំងឺកូវីដ១៩ ធ្វើឲ្យបញ្ហាតំបន់ និងពិភពលោកមានការប្រែប្រួល។ កូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លំាងលើវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងសុខមាលភាព ជាពិសេសវាបានសម្លាប់អាយុជីវិតប្រជាជនយ៉ាងច្រើននៅជុំវិញពិភពលោក។ ការប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ គឺជាបញ្ហារួមរបស់ពិភពលោក។ កន្លងមកកម្ពុជានិងវៀតណាម បានសហការគ្នាយ៉ាងជិតស្និតឆ្លើយតបការប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ផងដែរ។

នៅរសៀលថ្ងៃដដែលនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print