អន្តរជាតិ៖ យោងតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP និយាយថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសបិទបញ្ចប់កិច្ចសន្យាបញ្ជាទិញយន្តហោះចម្បាំង F-16 ដ៏ទំនើប ពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារ AFP បន្ថែមថា កិច្ចសន្យារយៈពេល១០ឆ្នាំនេះ គិតជាទឹកប្រាក់រហូតដល់ ៦២ពាន់លានដុល្លារ។
យ៉ាងណាមិញ ដោយទទួលស្គាល់ពីភាពរសើប នៃការទិញដូរយន្តហោះចម្បាំងនេះ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសកិច្ចសន្យានេះដោយមិនបញ្ជាក់អ្នកទិញនោះឡើយ ។ ប៉ុន្តែប្រភពដែលដឹងឮអំពីរឿងនេះ បានបញ្ជាក់ប្រាប់AFPថា៖ អ្នកទិញនោះគឺជា កោះតៃវ៉ាន់។
សូមជម្រាបថា កោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកជាផ្នែកមួយនៃដែនអធិបតេយ្យខ្លួន កាលពីឆ្នាំមុន ទទួលបានភ្លើងបៃតងពីក្រុងវ៉ាស៊ីនតោនសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-16 សរុប ៦៦គ្រឿង ។ ហើយចំពោះការទិញនេះ នឹងអនុញ្ញាតឲ្យតៃវ៉ាន់អាចធ្វើទំនើបកម្មវិស័យយោធាខ្លួននៅចំពោះមុខការគំរាមកំហែងរបស់ចិន ។ ព្រោះតៃវ៉ាន់ក៏ធ្លាប់បញ្ជាទិញយន្តហោះ F-16 ម្ដងរួចហើយ ក្នុងឆ្នាំ១៩៩២។
ដោយឡែករដ្ឋាភិបាលប៉េកាំង បន្តប្រកាន់ជំហររឹងត្អឹងថា៖ កោះ តៃវ៉ាន់ ដែលមានប្រជាជន២៣លាននាក់ គឺផ្នែកមួយនៃដែនអធិបតេយ្យខ្លួនហើយប្តេជ្ញាឆ្លើយតបជាមួយកម្លាំងយោធា ប្រសិនបើរដ្ឋាភិបាលក្រុង តៃប៉ិ ហ៊ានប្រកាសឯករាជ្យជាផ្លូវការនោះ។ រីឯក្រុងវ៉ាស៊ីនតោន ដែលប្ដូរការទទួលស្គាល់ការទូតពីតៃប៉ិទៅប៉េកាំង ក្នុងឆ្នាំ១៩៧៩ នៅតែជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់កោះតៃវ៉ាន់ ហើយក៏ជាប្រទេសផ្គត់ផ្គងអាវុធដ៏ធំសម្រាប់ដែនកោះនេះផងដែរ។
គួរបញ្ជាក់ថា កិច្ចសន្យារបស់ក្រុមហ៊ុនអាមេរិក Lockheed នេះ កើតឡើងខណៈរដ្ឋាភិបាលក្រុងប៉េកាំងសម្ងែងសាច់ដុំក្នុងទីក្រុង ហុងកុងដោយដាក់អនុវត្តច្បាប់សន្តិសុខជាតិថ្មីលើមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនេះ ។ ទង្វើនេះ គឺបង្កជាក្តីកង្វល់ដល់រដ្ឋាភិបាលតៃវ៉ាន់។
ទាក់ទិននឹងបញ្ហាកិច្ចសន្យាទិញយន្តហោះចម្បាំងនេះ ក៏កើតឡើង២ថ្ងៃក្រោយទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មួយក្រុមរបស់អាមេរិក រាប់ចាប់តាំងពីឆ្នាំ១៩៧៩មក ។ ទស្សនកិច្ចនេះ ធ្វើឲ្យចិនខឹងសម្បារថែមទៀត ខណៈចំណងទាក់ទងរវាងមហាអំណាច ទាំងពីរកំពុងល្អក់កករទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សិទ្ធិមនុស្ស និងជំងឺរាតត្បាតសកល COVID-19 ជាដើម៕ ដោយ៖ស តារា