រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំឲ្យសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ លើប្រតិបត្តិការគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំឲ្យសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈ លើប្រតិបត្តិការគ្រឿងញៀន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ និងចុងក្រោយត្រូវរាយការណ៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ និងទីតាំងស្តុកគ្រឿងញៀន ខុសច្បាប់ដល់សមត្ថកិច្ច។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាស បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា។
លោក កើត រិទ្ធ បានបន្តថា៖ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានពុះពារបំពេញ ការងារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមកនេះ ធ្វើឱ្យស្ថានភាពគ្រឿងញៀនអាចគ្រប់គ្រង និងត្រួតពិនិត្យបាន។
លោករដ្ឋមន្រ្តី ក៏បានណែនាំមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «៣កុំ ១រាយការណ៍» របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមមាន៖
ទី១-កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន
ទី២-កុំអន្តរាគមន៍៖ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ
ទី៣-កុំលើកលែង៖ គឺកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន៕

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print