ម្ចាស់បំណុលអាចវ័ណ្ឌ.ក ព្រោះវាយកូនបំណុលរលូតកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីជនទាំងនេះវាយស្រ្តីុមានផ្ទៃពោះបណ្ដាលឲ្យរងរបួស(រលូតកូន) ។

ហេតុការណ៍ឃាត់ខ្លួនមនុស្ស៣នាក់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី១ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ គាំ ស្រី ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ ម៉េត ឡាំងជូរ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ម៉េត លាងហេង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពព័ត៌មានពីនគរបាលស្រុកដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺជាការអនុវត្តតាមបណ្ដឹងរបស់ឈ្មោះ គឹម សាវិន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី២ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងបណ្ដឹង(គឹម សាវិន)បានរៀបរាប់ជាហូរហែថា ជនសង្ស័យបានទៅទារលុយដែលខ្លួនជំពាក់ចំនួន២លានរៀល ខ្លួន(គឹម សាវិន និងប្រពន្ធ)បានអង្វរសុំពន្យារពេលពីបីថ្ងៃទៀតទៅ ប៉ុន្តែម្ចាស់បំណុលមិនព្រមរហូតដល់ជជែកតឹងសរសៃ.កដាក់គ្នាទៅវិញទៅមក រួចនាំគ្នាស្រាយខ្សែកាណូតបាឡារបស់ខ្លួនអូសយកទៅផ្ទះគាត់ ហើយខ្លួន(គឹម សាវិន និងប្រពន្ធ)បានតាមទៅយកកាណូតនោះមកវិញ ប៉ុន្តែបានប្រតាយប្រតប់គ្នារហូតប្រពន្ធរបស់គាត់ដួលអុកគូទហូរឈាម ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ គ្រូពេទ្យប្រាប់ថាកូនក្នុងផ្ទៃមានបញ្ហាហើយ ទើបគាត់សម្រេចដាក់ពាក្យបណ្ដឹងរកយុត្តិធម៌តែម្តង ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីហឹង្សាមានស្ថានទម្ងន់ទោសនេះ សមត្ថកិច្ចនគរបាលបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យយកមកសួរនាំ និងបន្តនីតិវិធី ៕

ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print