ខេត្តកំពង់ធំ៖ សមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានបង្ក្រាបរថយន្តធុនធំចំនួនពីរគ្រឿង ដែលតែងតែបើកគេចជញ្ជីងថ្លឹង ស្ថិតនៅភូមិវាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានសម្របសម្រួលនីតិវិធី កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះស្ទាក់ចាប់ រថយន្តចំនួនពីរគ្រឿង ដែលបានដឹកខ្សាច់លើសទម្ងន់ និងពាក់ស្លាកលេខភ្លែងក្លាយ បើកគេចពីកន្លែងជញ្ជីងថ្លឹងទម្ងន់។
មន្រ្តីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការចុះស្ទាក់ចាប់នេះ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធទៅនឹងជញ្ជីងនៅឃុំប្រាសាទស្រុកសន្ទុក តាមបណ្ដោយផ្លូវជាតិលេខ៦ ដោយមានការឃុបឃិតគ្នា ជាមួយម្ចាស់រថយន្តដឹកខ្សាច់ប្រភេទវេអង ក្នុងមួយយប់ពី ៣០ ទៅ៤០ឡាន ដោយដឹកចេញពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តដោយបង់លុយ ១៥ម៉ឺនរៀលក្នុងមួយឡាន ហើយឆ្ពោះទៅខេត្តសៀមរាប ដើម្បីដាក់នៅព្រលានយន្តហោះថ្មី។
ពាក់ព័ន្ធនឹងបញ្ហានេះ គួរតែលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាពិនិត្យពីអំពើពុករលួយ នៅទីតាំងជញ្ជីងនៅឃុំប្រាសាទស្រុកសន្ទុក តាមបណ្ដោយផ្លូវជាតិលេខ៦ ខណៈយកតែលុយពីឡានយក្សផ្ទុកធ្ងន់ តែមិនឱ្យចូលថ្លឹងនេះផង តើពួកគាត់ប្រចាំការនៅទីនោះមានចេតនាបំផ្លាញផ្លូវជាតិឬមួយយ៉ាងណា..?
សមត្ថកិច្ច បានបញ្ជាក់ថា៖ អ្នកបើករថយន្តវេអង ដឹកខ្សាច់ឈ្មោះ អៀង វិល័យ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអះអាងថា រាល់ ពេលរថយន្តរបស់លោកបើកមកដល់ ជញ្ជីងគឺមិនបាច់ចូលថ្លឹងនោះទេ គ្រាន់បង់តែ ១៥ម៉ឺនរៀលជាការស្រេច ហើយរថយន្តរបស់លោក២គ្រឿង ពាក់ស្លាកលេខដូចគ្នា 3A-6578 ដោយមួយគ្រឿងមានពន្ធ រីឯមួយគ្រឿងទៀតអត់មានពន្ធទេ ជារថយន្តកាត់តកែច្នៃពី ៥តោនមកវេអង។
ទោះជាយ៉ាងណាក៏ដោយ លោក សាយ វាសនា បានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបាននាំត្រឡប់ទៅទីតាំងជញ្ជីងថ្លឹងរថយន្តហើយ និងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សិលា