ភ្នំពេញ៖ សួនទឹក «ហ្គាឌិនស៊ីធី» គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍ក្រុមហ៊ុន បានឱ្យដឹងថា សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។
សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។
សួនទឹកហ្គាឌិនស៊ីធី មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ។
តាមរបាយដដែលបញ្ជាក់ថា៖ ឧបករណ៍កម្សាន្តទាំងនេះមានដូចជា៖ ឋានសួគ៌រលក (ធំជាងគេនៅអាស៊ាន), អាណាចក្រទឹក (ធំជាងគេនៅអាស៊ាន), ឋានសួគ៌កុមារ, ទន្លេមេគង្គ, ស្គីរលក និងជ្រលងទឹកគួច។
ក្រៅពីមានកន្លែងលេងទឹកហើយនោះនៅក្នុងសួននេះ ក៏មានភោជនីយដ្ឋានបម្រើអាហារដ្ឋានមានទាំងអាហារខ្មែរ បារាំង និងកញ្ចុសសម្រាប់អង្គុយលេងកម្សាន្តផងដែរ។
សួនទឹកនេះមានបុគ្គលិកបម្រើការរហូតដល់ទៅ ២៣០នាក់។ សម្រាប់តម្លៃសំបុត្រចូលលេងកម្សាន្តវិញ មនុស្សធំតម្លៃ ១៥ដុល្លារអាមេរិក កូនក្មេង និងមនុស្សចាស់តម្លៃ ៩ដុល្លារ។ បើកដំណើរការពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច។
• អរគុណសន្តិភាព !
• អរគុណនយោបាយ ឈ្នះ ឈ្នះ !
• ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។ មានសម្តេចតេជោ ហ៊ុន សែន មានសន្តិភាព ការអភិវឌ្ឍន៍ លើគ្រប់វិស័យ៕
ដោយ៖ សិលា