ភ្នំពេញ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ពីមុនធ្លាប់តែឃើញមានសួនសត្វ និងកន្លែងលេងទឹកនៅប្រទេសគេ តែបច្ចុប្បន្នកម្ពុជាក៏មានកន្លែងមើលសត្វ និងលេងទឹកធំដូចគេនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ តំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់ បានក្លាយជាតំបន់កម្សាន្តដ៏ធំក្នុងរាជធានីភ្នំពេញ។ មនុស្សជាតិលើលោកនេះត្រូវការកម្សាន្ត ព្រោះបែបនេះហើយទប់នាំឱ្យប្រទេសនីមួយៗប្រកួតប្រជែងគ្នាទាក់ទាញទេសចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនៀមទម្លាប់នៃការរស់នៅ និងទំនាក់ទំនងរបស់មនុស្សជាតិមានរាប់ពាន់ឆ្នាំ ត្រូវបានផ្លាស់ប្តូរដោយសារជំងឺកូវីដ-១៩។ ជំងឺកូវីដ-១៩នេះ វាមានសភាពខ្លាំងក្លាជាងសង្គ្រាមលោកលើកទី១ និងលើកទី២ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលមកលេងកម្សាន្តនៅសួនទឹក «ហ្គាដិនស៊ីធី» អាចកក់សំបុត្រតាមអនឡាញបានផងដែរ។ សួនទឹក «ហ្គាឌិនស៊ីធី» គ្រោងបើកដំណើរការសាកល្បងតាំងពីខែមេសាមកម្ល៉េះ តែដោយសារពេលនោះកម្ពុជា ប្រឈមការរីករាលដាលជំងឺកូវីដ-១៩ខ្លាំង ទើបលើកពេលមកដល់ពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ការប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានលើកពេល។ ដោយឡែកការផ្អាកឈប់សម្រាកពេលចូលឆ្នាំព្រោះពេលនោះការរាតត្បាតជំងឺកូវីដ-១៩ មានសភាពស្រួចស្រាវ បូករួមជាមួយពលករខ្មែរមកពីថៃរហូតដល់ទៅជាង ៩ម៉ឺននាក់ ដែលបារម្ភពីការរីករាលដាលជំងឺនេះ។ តែបច្ចុប្បន្នរាជរដ្ឋាភិបាលឱ្យពលរដ្ឋឈប់សម្រាក ព្រោះកម្ពុជាអាចគ្រប់គ្រងស្ថានភាពឆ្លងបាន ហើយជំងឺនេះមិនទាន់ឆ្លងចូលសហគមន៍ទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ កម្ពុជា បានស្នើទៅអង្គការសហប្រជាជាតិ សុំពន្យារពេលក្នុងការដោះដូរកម្លាំងរក្សាសន្តិភាព ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩៕