ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជាជិត ២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរនៃក្រុងសៀមរាប ក្នុងនោះរួមមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ ៣១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរ។ នេះជាការជួបជុំលើកទី១ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត ( សម្រាកសៀមរាប ) ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង សហការដោយអាជ្ញាធរជាតិអប្សរា។
ព្រឹត្តិការណ៍នេះដែរ( សម្រាកសៀមរាប ) មានរៀបចំកម្មវិធីជិះកង់ចំនួន ៣លើក ក្រោមប្រធានបទ ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមប្រមាណ ២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ។
លោក លាង ឆុង សមាជិកក្រុមជិះកង់សុខភាពសៀមរាបអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា៖ កម្មវិធីនេះរួមមាន ៣លើក លើកទី១ ថ្ងៃទី១៦ លើកទី២ ដែលជាថ្ងៃបើកដំណើការផ្លូវការប្រារព្ធនៅថ្ងៃទី១៨ និងលើកទី៣ ដែលជាថ្ងៃបញ្ចប់ ធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ។ លោកចាប់អារម្មណ៍ថា នេះគឺជាកម្មវិធីជិះកង់ដើម្បីមនុស្សធម៌ ។ ថវិកាដែលបានមកពីការចុះឈ្មោះដោយស័្មគ្រចិត្តរបស់អ្នកជិះកង់ ក្នុងកម្មវិធីនេះ ត្រូវបានរាប់បញ្ជូលទៅក្នុងមូលនិធិសប្បុរសធម៌នៃកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។
ដំណើរជិះកង់លើកទី១នេះ ត្រូវបានជិះចេញពីក្រុងសៀមរាប ចូលទៅក្នុងតំបន់ឧទ្យានអង្គរ ទស្សនាប្រាសាទតាព្រហ្ម បន្តជិះកំសាន្តក្នុងព្រៃធម្មជាតិអង្គរ ឆ្ពោះទៅប្រាសាទព្រះខ័ន្ធ និងបញ្ចប់នៅព្រះលានជល់ដំរី។ កម្មវិធីនេះ ត្រូវបានយកចិត្តទុកដាក់ ដល់ការការពារសុវត្តិភាពអ្នកចូលរួម និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រឆាំងជម្ងឺកូវីដ១៩ រួមទាំងបានដាក់ចេញផងដែរនូវក្រមសីលធម៌ ការពារបរិស្ថាន សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ក្នុងឱកាសទស្សនាប្រាសាទបូរាណ។
អ្នករៀបចំកម្មវិធី បានប៉ាន់ប្រមាណថា កម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា លើកទី២ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នឹងមានអ្នកចុះឈ្មោះចូលរួមច្រើនជាងលើកទី១។ កម្មវិធីនេះមានផ្តល់ជូនអ្នកចុះឈ្មោះចូលរួម នូវអាវយឺត អាហារពេលព្រឹកមុនចេញដំណើរ និងមានក្រុមការងារ តាមដានការសុវត្តិភាពជាប់ជាប្រចាំ ក្នុងពេលចូលទស្សនាប្រាសាទ នៅមានមគ្គុទេសក៍ទេសចរណ៍ ធ្វើបង្ហាញជូនផងដែរ៕
ដោយ៖ សិលា