សំបូរណាស់ជនទុច្ចរិត បន្លំជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ ត្រូវនគរបាលឃាត់ខ្លួនបាន ៤រូបទៀត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ជនសង្ស័យ៤រូបទៀត ខណៈម្នាក់ទៀតត្រូវបានឃុំខ្លួនរួចហើយ សុទ្ធតែជាក្រុមក្លែងបន្លំ ជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ ។ 

ជនសង្ស័យទាំង៤ ជាក្រុមជំនាញបោក  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

សូមបញ្ជាក់ថា៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

កម្លាំងនគរបាល បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណី  ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរស័ព្ទដែលពួកគេបានត្រៀមទុកហើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ៤រូបទៀត រួមមាន៖ ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ចៃ ឆេងលី ហៅចេក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ សៀ វេងស្រៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, និងឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យលេខ៣៣១ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print