ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនអ្នកបានធ្វើការបិតដោយយកឈើដាក់កាត់ទទឹងផ្លូវ ផ្លូវ៣០ម៉ែត្រ បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុច ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅផ្លូវកែងវត្តធម្មត្រ័យ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ព្រោះស្ថានភាពផ្លូវស្ថិតក្នុងសភាព ជង្ហុករណ្តៅ តូចធំ លំបាកធ្វើដំណើរឆ្លងកាត់ ខណៈដែលរថយន្តតូចធំ បើកឆ្លងកាត់ពិសេសរថយន្តដឹកដី ដឹកខ្សាច់ បើកឆ្លងកាត់ ពុំបានស្រោចទឹក ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បង្កឱ្យហុយដី ដូចផ្សែងចុះអ័ព្វ រហូតដល់ទ្រាំមិនបាន បងប្អូនប្រជាពលរដ្ឋ ខឹងសម្បាយ៉ាងខ្លាំង និងធ្វើអោយស្ទះចរាចរអស់រយៈពេលជិត១ម៉ោង ទាមទារឱ្យថៅកែរថយន្ត ថៅកែដី ស្រោចទឹកឱ្យពួកគាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង២ រសៀលថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅ ត្រង់ចំណុច ផ្លូវ៣០ម៉ែត្រ ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋបានអោយដឹងថា មូលហេតុនៃការដាក់កំណាត់ឈើមករាំងផ្លូវមិនអោយរថយន្តបើកឆ្លងកាត់បានដោយសារតែមានរថយន្តដឹកដីនិងដឹកខ្សាច់ជាច្រើនបានដឹកឆ្លងកាត់ធ្វើអោយស្ថានភាពផ្លូវមានការទ្រុតទ្រោម ជង្ហុកច្រើន និងហុយពិបាកធ្វើដំណើរ និងពិបាករស់នៅទើបពួកគាត់សម្រេចចឹត្តធ្វើការបិតផ្លូវទាមទារអោយថៅកែចេញមុខមកដោះស្រាយនៅបញ្ហាខាងលើនេះ និងបង្កអោយមានការកកស្ទះចរាចរជិតមួយម៉ោងផងដែរ។
ក្រោយមកទើបមានដំណាងក្រុមហ៊ុនដឹកដីម្នាក់ចេញមុខមកចរចាដោយព្រមស្រោចទឹកតាមដងផ្លូវទើបប្រជាពលរដ្ឋព្រម និងបើកផ្លូវអោយរថយន្តបើកឆ្លងកាត់ជាធម្មតា៕


...
ដោយ៖ សុខាសែនជ័យ