បរទេស៖ ក្រោយពេលច្បាប់ហាមប្រាមនេសាទនៅសមុទ្រចិនខាងត្បូង ដែលអនុម័តដោយរដ្ឋាភិបាលចិន អស់សុពលភាពនៅរសៀលថ្ងៃទី១៦ខែសីហា ។ តាមគម្រោងនឹងមានកប៉ាល់នេសាទរាប់ពាន់គ្រឿង នឹងចេញទៅសមុទ្រ ចិនខាងត្បូង។
បណ្តាញទូរទស្សន៍ចិនបានផ្សាយថា នឹងមានកប៉ាល់នេសាទដល់ទៅ១៦ពាន់គ្រឿង នឹងចាកចេញពីខេត្តឆ្នេរសមុទ្រហៃណាន់ ទៅនេសាទ នៅសមុទ្រចិនខាងត្បូង ក្រោយច្បាប់ហាមប្រាមអស់សុពលភាព។ ចាប់ហាមប្រាមនោះបានអនុវត្តតាំងពីថ្ងៃទី១ខែឧសភា ដល់ថ្ងៃទី១៦ខែសីហា ។
ក្នុងរយៈពេល៣ខែដែលបានហាមប្រាម កម្លាំងទាហានជើងទឹកចិនបានតាមដានយ៉ាងយកចិត្តទុកដាក់ខ្លាចមានកប៉ាល់នេសាទបំពានច្បាប់។ក្នុងរយៈពេលនោះ មាន ការយាមល្បាតដល់ទៅ៥៦០៥លើក ចាប់បានកប៉ាល់នេសាទខុសច្បាប់ ១៧៦៨គ្រឿង ក្នុងនោះមានកប៉ាល់របស់ចិន ១៦៩១គ្រឿង និងបំផ្លាញឧបករណ៍នេសាទជាច្រើនផ្សេងទៀត។
ចិនបានចាប់ផ្តើមអនុម័តច្បាប់ហាមនេសាទនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកទល់ពេលនេះ បើទោះបី ទទួលរងការប្រតិកម្មយ៉ាងខ្លាំងពី បណ្តាប្រទេសក្នុងតំបន់។
កាលពីខែឧសភា វៀតណាមបានច្រាលចោលអនុម័តច្បាប់ហាមនេសាទជាឯកតោភាគីនៅសមុទ្រចិនខាងត្បូង៕ដោយ៖ធី រីណា