ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរៈសេនីយ៍ត្រី យិន ឈុនហាក់ នាយប៉ុស្ដិ៍នគរបាលរដ្ឋត្នោតជុំ ដឹកនាំមន្រ្តីក្រោមឱវាទ និងប្រជាការពារភូមិ សហការជាមួយកម្លាំងមន្រ្តីអង្កការ(សុីអាយ) និងមន្រ្តីជំនាញបរិស្ថានខេត្តពោធិ៍សាត់ ដឹកនាំដោយលោក រុី ភារម្យ បរិស្ថានខេត្ត លោក ប៉េង សុវណ្ណារិន គំរោងអភិរក្សជួរភ្នំក្រវាញ(CI) ចុះពិនិត្យ និងបង្រ្កាបទីតាំងរោងម៉ាសុីនអារជ្រៀកឈើដ៏ធំ ២កន្លែង ដកហូតវត្ថុតាងរួមមានៈ ឈើ.ម៉ាស៊ីន និងកំណត់មុខសញ្ញាជាជនប្រព្រិត្តដើម្បីបន្តនីតិវិធី ។
ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចជើងភ្នំក្បែរព្រៃសហគមន៍ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីកំលាំងចុះប្រត្តិបត្តិការបង្ហើបថា ទីតាំងរោងម៉ាសុីនទី-១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សែម សំ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ញឹម ចាន់ណា បច្ចុប្បន្ន មានទីលំភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងដកហូតរួមមានៈ ម៉ាស៊ីនម៉ាក យាំងដុង កំលាំង១៨សេះ ១គ្រឿង ថាស់សម្រាប់អារជ្រៀកឈើ១គ្រឿង និងឈើអារប្រភេទលេខ២(ខ្លុងត្បែង)ចំនួន៣ម៉ែត្រត្រីគុណ ។ ទីតាំងទី-២ ត្រង់ចំណុចក្នុងព្រៃជើងភ្នំភ្នោកម្ចាស់ឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ លឹម ណាវី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងដកហូតរួមមានៈ ម៉ាស៊ីនម៉ាក យាំងដុង កំលាំង១៨សេះ១គ្រឿង ថាស់សម្រាប់អារច្រៀកឈើ១គ្រឿង គោយន្ដកន្រ្តៃសណ្ដោងរ៉ឺម៉ក១គ្រឿង ឈើអារ(នីវ)ប្រភេទលេខ២(ខ្លុងត្បែង)ចំនួន២០បាច់ ឈើប្រភេទលេខ២អារ(ក្ដា)ចំនួន១៥០សន្លឹងឈើមូលបកសម្បកចំនួន៥០ដើម ។
ប្រភពព័ត៌មានពីក្រុមមន្រ្តីដដែលបន្តទៀតថា វត្ថុតាងដែលបានដកហូតទាំងអស់ ដឹកយកទៅរក្សាទុកដើម្បីបន្តនីតិវិធី ចំណែកម្ចាស់ទីតាំងរោងម៉ាសុីនអារច្រៀកឈើទាំងពីកន្លែង មន្រ្តីជំនាញបរិស្ថានកសាងសុំណុំឯកសារតាមច្បាប់ ៕ ដោយៈ បុឹម ពិន