ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះអាជីវករដែលបានដាក់ស្លាកតម្លៃទំនិញតាមការណែនាំបានយ៉ាងល្អប្រសើរ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងអំឡុងពេលថ្ងៃឈប់សម្រាក រយៈពេលវែងដែលជាថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរនេះ។
យោងតាមរយៈផេកហ្វេសប៊ុករបស់ លោក គួច ចំរើន បានសរសេរថា «សូមអរគុណ ចំពោះអាជីវករយើងដែលបានដាក់ស្លាកតម្លៃទំនិញតាមការណែនាំបានយ៉ាងល្អ និងសូមជូនពរឲ្យរកស៊ីមានបាន ហើយរីករាយថ្ងៃឈប់សម្រាក មានសុវត្ថិភាពពេលធ្វើដំណើរ »។
ជាមួយគ្នានេះដែរមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានបង្ហាញគោលដៅតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុសម្រាប់ភ្ញៀវទេសចរទៅទស្សនាកម្សាន្តផងដែរក្នុងនោះរួមមាន ១- តំបន់ឆ្នេរ៩ ក្នុងក្រុងព្រះសីហនុ។ ២- កោះទាំង៣២ក្នុងខេត្តព្រះសីហនុ។ ៣- តំបន់ឆ្នេរតាបារាំង ឆ្នេរព្រៃត្រែង ស្រុកស្ទឹងហាវ ៤- រមណីយដ្ឋានលើភ្នំខាងក្រោយសាលាស្រុកព្រៃនប់ ។ ៥- ស្ពានទឹកសាប ស្រុកព្រៃនប់។ ៦- រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ ៧- ឧទ្យានជាតិគិរីរម្យ ស្រុកកំពង់សីលា ៨- ឆ្នេរមាសឆ្នេរប្រាក់ ឧទ្យានជាតិរាម ស្រុកព្រៃនប់ ៩-ស្ពានឆ្លងទៅកោះពស់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ១០- ទឹកធ្លាក់ថ្មរូង ស្រុកកំពង់សីលា ១១- ព្រៃកោងកាង កោះខ្យង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ១២- ពយជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ១៣- ក្បាលហុងព្រែកចាក ឃុំរាម ស្រុកព្រៃនប់ ១៤- កម្សាន្តទឹកធ្លាក់របស់លោក លូ គឹមឈុន នៅស្រុកព្រៃនប់ ១៥- ទឹកធ្លាក់នាងនួន ឃុំកំពង់ចិន ស្រុកព្រៃនប់ ផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ខេត្តកំពត ១៦- ព្រៃកោងកាង ជំពូរខ្មៅ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ១៧- ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង (ថ្មរូង) ស្រុកកំពង់សិលា។
តំបន់ទេសចរណ៍ជាច្រើននៅខេត្ដព្រះសីហនុជាទីកន្លែងដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តផងដែរ៕ដោយ៖ អរគុណរះ