ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ត្រូវអ្នកបើកគ្រឿងចក្រចូកខ្សាច់បើកថយក្រោយខ្វះការប្រុងប្រយ័ត្នកិនស្លាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ស្ត្រីជាម្ដាយបានត្រឹមយំសោកបោកខ្លួនស្ដាយកូនប្រុសជាទីស្រលាញ់ម្នាក់គ្រាដែលតៃកុងបញ្ជាគ្រឿងចក្រចូកដីបើកថយក្រោយខ្វះការប្រុងប្រយ័ត្នកិនស្លាប់កាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី ១៧ខែសីហាឆ្នាំ២០២០ក្នុងបរិវេណផ្ទះលក់គ្រឿង សំណង់ឥដ្ឋខ្សាច់(លីហេងឆាយ)តាមបណ្តោយផ្លូវស្តង់តាងួនស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 សមត្ថកិច្ចមូលដ្ឋានប្រាប់ថា៖ក្មេងប្រុសរងគ្រោះឈ្មោះ លី អ៉ីងឡុង ភេទប្រុសអាយុ ៦ ឆ្នាំ ត្រូវគ្រឿងចក្រចូកដីកិនបណ្ដាលឱ្យបែកក្បាលស្លាប់ (ជាកូនម្ចាស់ទីតាំងដេប៉ូលក់ខ្សាច់)។

 ចំណែកអ្នកបើកបរជាកម្មករឈ្មោះ យ៉ត ភេទប្រុស អាយុប្រហែល២០ឆ្នាំ (រត់គេចខ្លួនបាត់)។

សមត្ថកិច្ចបន្ថែមថា មុនកើតហេតុក្មេងប្រុសរងគ្រោះខាងលើអង្គុយលេងក្បែរទីតាំងខ្សាច់ដែលតៃកុងគ្រឿងចក្រចូកដីម៉ាក hitachi ពណ៌ស្លាទុំ (ពុំមានស្លាកលេខ) បើកចូកខ្សាច់រាល់ថ្ងៃ តែអកុសលតៃកុងបើកថយក្រោយខ្វះការប្រុងប្រយ័ត្ន ក៏កិនទៅលើក្មេងប្រុសម្នាក់កំពុងអង្គុយលេងដី ឈ្មោះ លី អ៉ីងឡុងភេទប្រុសអាយុ ៦ ឆ្នាំ បណ្ដាលឱ្យបែកក្បាលស្លាប់តែម្ដង។

 ក្រោយកើតហេតុភ្លាមៗនោះ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យកន្លែងកើតហេតុផងដែរ ។

 នៅក្នុងហេតុការណ៍នោះតាមការសំណូមពររបស់អាណាព្យាបាលក្មេងរងគ្រោះប្រាប់ថាដោយសារអ្នកបើកបរជាបុគ្គលិកបម្រើការងារឱ្យគាត់យូរឆ្នាំមកហើយ  ម្យ៉ាងទៀតអ្នកបើកបរក៏គ្មានចេតនាធ្វើទង្វើនេះមកលើក្រុមគ្រួសារគាត់ដែរ គាត់ថាជារឿងអចេតនា ហើយគាត់មិនបានដាក់ពាក្យប្ដឹងផ្ដល់ទៅលើអ្នកបើកបរនោះទេ ៕ ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print