ភ្នំពេញ៖ ពលរដ្ឋគាំទ្រឲ្យអាជ្ញាធរ ដាក់វិន័យលើអ្នកបង្កសំឡេងកងរំពងរំខានអ្នកដទៃ ដើម្បីកាត់បន្ថយការបង្កសំឡេងរំខាន យ៉ាងអនាធិបតេយ្យក្នុងសង្គម។ រដ្ឋាភិបាល កំពុងរៀបចំសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈមួយ ដែលក្នុងនោះ ក៏មានចែងពីការហាមមិនឲ្យបង្កការរំខានដល់ពលរដ្ឋ តាមរយៈសំឡេងកងរំពង គ្រប់រូបភាព ។
ការគាំទ្ររបស់ពលរដ្ឋចង់ឲ្យមានច្បាប់សាធារណៈ ហាមបង្កសំឡេងកងរំពង គឺស្របពេលដែលពលរដ្ឋមួយចំនួន ក្នុងពេលបច្ចុប្បន្នតែងតែមានជួបជុំស្រែកហ៊ោរកញ្ជៀវ និងការប្រើប្រាស់ឧបករណ៍បន្លឺសំឡេង លើសពីម៉ោង១០យប់និងម៉ោងសម្រាកពេលថ្ងៃជាដើម។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានឲ្យដឹងថា ជាញឹកញាប់លោកតែងតែរងសំឡេងរំខានពីការប្រើឧបករណ៍បន្លឺសំឡេងច្រៀងពីអ្នកនៅជុំវិញផ្ទះខ្លួន។ ប្រសិនសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ហាមបង្កសំឡេងកងរំពង បង្កើតឡើងមែន គាត់ពិតជារីករាយទទួលយក ហើយសង្ឃឹមថាអាជ្ញាធរអនុវត្តឲ្យបានតឹងរឹង។ លោក បន្តថា ការកំណត់ឬហាមមិនឲ្យបង្កសំឡេងកងរំពងមិនមែនជាការបិទសិទ្ធិឡើយ ព្រោះគ្រប់គ្នានៅតែមានសិទ្ធិជួបជុំកម្សាន្តបានដដែល។ ប៉ុន្តែគ្រាន់តែជួបជុំនោះ ត្រូវគោរពសិទ្ធិអ្នកជិតខាងផង។ ហើយបើមានច្បាប់នឹងធ្វើមនុស្សគ្រប់គ្នាចេះគិត ។ចង់មិនចង់ត្រូវគោរព បើមិនគោរពគឺខុសច្បាស់ដោយសារបុគ្គលខ្លួនឯងបង្កការរំខានដល់អ្នកដទៃ ។ ព្រោះច្បាប់នេះ នឹងជួយដល់អ្នករងនូវសំឡេងរំខាន ខ្ញុំយល់ថាល្អ»។
ដោយឡែកពលរដ្ឋម្នាក់ទៀត ក៏បានលើកឡើងថា គាត់សប្បាយចិត្តពេលឭថា៖ មានសេចក្ដីព្រាងច្បាប់ហាមពលរដ្ឋបង្កសំឡេងកងរំពឹងដែលគ្រោងនឹងបង្កើតឡើងនេះ ព្រោះវាអាចដាក់វិន័យដល់អ្នកប្រព្រឹត្តផ្ទុយ និងអប់រំពួកគេ ឱ្យកែប្រែទម្លាប់អាក្រក់នេះ។ ពលរដ្ឋបន្តថា «ខ្ញុំសប្បាយចិត្តនៅពេលមានច្បាប់នេះ មិនមែនសប្បាយដែលធ្វើឲ្យគេជាប់ទោសនោះទេ ។ ធម្មតាច្បាប់មួយមានតំណាក់កាល ហៅទៅអប់រំពិន័យ ទម្រាំដល់ពេលដាក់ទោស ក៏ប៉ុន្តែវាអាចក្រឹត្យដល់អ្នកមិនសូវយល់ពីអ្នកដទៃឬអាចនិយាយបានអ្នកមិនសូវចេះដឹង»។ ដោយសារតែកន្លងមក នៅតាមមូលដ្ឋានផ្សេងៗ ក៏មានអាជ្ញាធរចុះអប់រំដល់អ្នកបង្កសំឡេងកងរំពងដែរ ប៉ុន្តែហាក់មិនទាន់មានប្រសិទ្ធភាព ព្រោះនៅតែឃើញអ្នកបង្កនៅតែបន្តការរំខានដដែល។ ប្រសិនបើមានច្បាប់នេះ យើងរំពឹងថា ពលរដ្ឋនិងអាជ្ញាធរគ្រប់រូបនឹងចូលរួមគោរព។
ចំណែកលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលដឹកនាំរៀបចំច្បាប់នេះ បានលើកជាឧទាហរណ៍មកបញ្ជាក់ថា បើពលរដ្ឋមានការជួបជុំផឹកស៊ី ច្រៀង រាំ លើសម៉ោង ១០យប់ ដែលជាការរំខានដល់ពលរដ្ឋជិតខាងនោះ អាជ្ញាធរនឹងចុះទៅព្រមាន ឬវិន័យរដ្ឋបាលតែម្ដង ក្នុងដំណាក់កាលដំបូង។ ប៉ុន្តែក្នុងករណីមិនរាងចាល អាជ្ញាធរនឹងអនុវត្តតាមវិធានការបន្តបន្ទាប់ទៀត ដែលមានចែងក្នុងច្បាប់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ថ្លែងថា៖«ក្នុងសេចក្តីព្រាងច្បាប់នោះ បានកំណត់ឱ្យពលរដ្ឋធ្វើសកម្មភាពកងរំពងអ្វីមួយ នៅត្រឹមម៉ោង១០យប់ ដោយមិនឱ្យលើសពីនេះទេ។ ប៉ុន្តែបើក្នុងករណីពិសេសដូចជាមានកម្មវិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីជួបជុំធំដុំអ្វីមួយ ដែលត្រូវការច្រៀងរាំ សប្បាយលើសម៉ោង១០យប់នោះ ពួកគេអាចរាយការណ៍ជូនដំណឹងទៅអាជ្ញាធរ ដើម្បីជួយសម្រួល កុំឱ្យប៉ះពាល់ដល់ជិតខាង»។
សូមជម្រាបថា ជំពូកទី៤ នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ នៃផ្នែកទី១ ដែលនិយាយពី«ភាពស្ងប់ស្ងាត់» ត្រង់មាត្រា១៦បានចែងថា ៖«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍៖ ក-ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។ ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ។ គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។
មាត្រា១៧ ក៏បានចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់១៤រសៀល និងចាប់ពីម៉ោង២២យប់ ដល់ម៉ោង៥ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
ជុំវិញបញ្ហានេះដែរ សង្គមស៊ីវិល ចាត់ទុកមាត្រានៃសេចក្តីព្រាងច្បាប់ ជាចំណុចល្អក្នុងការអនុវត្តលើបញ្ហារំខានទាំងអស់នេះ ប៉ុន្តែត្រូវទាមទារឱ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាព។
រីឯលោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានបញ្ជាក់ថា ការតាក់តែងច្បាប់នេះ គួរតែមានការបើកឱ្យមានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីឱ្យច្បាប់នេះចេញទៅស្របតាមទិដ្ឋភាពជាក់ស្ដែងនៃបញ្ហាប្រជាពលរដ្ឋ។
«ខ្ញុំចង់ឱ្យមានការជជែកពិភាក្សាឱ្យបានទូលំទូលាយដែរជាមួយមនុស្សទាំងឡាយ ជាពិសេសច្បាប់នេះ ជាច្បាប់មួយដែលពាក់ព័ន្ធជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងចាំបាច់ត្រូវជជែកដេញដោយសួរ ពិគ្រោះជាមួយនឹងប្រជាពលរដ្ឋ ។នេះទី១។ ទី២យើងត្រូវមើលលើទិដ្ឋភាពនៃការលើកឡើងទៅលើចំណុចមួយចំនួន ថាតើការឱ្យនិយមន័យហ្នឹង វាមានការឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជាដែរទេ»។
បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី-ខេត្តដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងក្រសួង សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។ ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនទៅនីតិបញ្ញត្តិ។ ប៉ុន្តែបើសិនជាមានមាត្រាឬចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងត្រូវលុបចោល ឬកែសម្រួលឡើងវិញ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ចាប់ពីមាត្រា៣៨ ដល់៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ។ តាមមាត្រាទាំងនោះ ចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់។ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,តុលាការ ឬតាមបទប្បញ្ញតិនិងនីតិវិធីជាធរមាន៕ដោយ៖ស តារា