កីឡាករប្រណាំងកង់Fabio Jakobsenបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យដែលបានខិតខំជួយសង្រ្គោះជីវិតរបស់គាត់ក្រោយពេលជួបគ្រោះថ្នាក់យ៉ាងរន្ធត់នៅក្នុងកម្មវិធីប្រណាំងកង់Tour of Poland។
កីឡាករសញ្ជាតិហុល្លង់រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងគូប្រជែងDylan Groenewegen ធ្វើឲ្យរូបគេខ្ទាតទៅប៉ះនឹងរបងតាមផ្លូវប្រណាំងបណ្តាលឲ្យសន្លប់បាត់បង់ស្មារតី ហើយរូបគេរងរបួសធ្ងន់ធ្ងររហូតដល់ត្រូវការវះកាត់លើផ្ទៃមុខទៀតផង។
ម្ចាស់ជើងឯកប្រណាំងកង់ជម្រើសជាតិវ័យ២៣ឆ្នាំនេះក៏បានថ្លែងប្រាប់អ្នកសារពត័មានថា “លោកគ្រូពេទ្យ និងគិលានុបដ្ឋាយកាបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដែលជាគុណបំណាច់យ៉ាងធំធេងដែលខ្ញុំត្រូវតែដឹងគុណរហូត។ វាពិតជារឿងដ៏ពិបាកខ្លាំងណាស់សម្រាប់ខ្ញុំពេលនៅក្នុងបន្ទប់សង្គ្រោះICUដែលជាពេលខ្ញុំគិតថានឹងគ្មានជីវិតរស់នៅឡើយ។”
Jakobsen បានបន្ថែមទៀតថា គាត់នៅតែត្រូវការវះកាត់បន្ថែមទៀតលើមុខរបួសលើផ្ទៃមុខរបស់គាត់ហើយត្រូវការពេលវេលាជាច្រើនទៀតដើម្បីព្យាបាលឲ្យសះស្បើយ៕ដោយ៖ភារៈ