អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើកពីរគ្រឿងរបស់អាមេរិកឆាបឆេះនៅលើដែនអាកាសប្រទេសស៊ីរី ក្រោយការប៉ះទង្គិចគ្នា ពេលកំពុងហោះហើរ។ តាមសារព័ត៌មាន Military Times បានផ្សាយថា យន្តហោះគ្មានមនុស្សបើកទាំងពីរគ្រឿងឆេះខ្ទេចទាំងស្រុង។
មន្ត្រីក្រសួងការពារជាតិមអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបាននិយាយទៅកាន់សារព័ត៌មាន Military Times ថា យន្តហោះគ្មានមនុស្សបើកបុកគ្នាលើដែនអាកាសខេត្ត Idlib នាថ្ងៃទី១៨ខែសីហា ។ចំណែកមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ ក៏ដូចជាប្រភេទយន្តហោះមិនត្រូវបានបង្ហាញជាសាធារណៈនោះឡើយ។
រូបភាព និងឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា យន្តហោះគ្មានមនុស្សបើក ឆាបឆេះលើដែនអាកាសហើយធ្លាក់ចុះដី។
តាមរូបភាពយន្តហោះគ្មានមនុស្សបើកបុកគ្នាលើអាកាសនោះជាប្រភេទ MQ-9 Reaper ត្រូវបានប្រើប្រាស់ដើម្បីតាមដាន សកម្មភាពយោធានៅស៊ីរី។
គ្រោះថ្នាក់ខាងលើមិនបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ ។ ប្រភពព័ត៌មាន បានលើកឡើងថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ត្រូវកម្លាំងទាហានដឹកនាំដោយប្រទេសតួកគី ជាអ្នកបាញ់ប្រហារ។
ចំណែកប្រភពផ្សេងទៀតបញ្ជាក់ថាយន្តហោះខាងលើត្រូវយន្តហោះគ្មានមនុស្សបើកផ្សេងទៀតរបស់រុស្ស៊ីបាញ់ប្រហារ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយស្តីពីគ្រោះថ្នាក់បុកគ្នាឬក៏បាញ់ប្រហារនៅឡើយទេ៕ធី រីណា