ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះនៅក្នុងពិធីសម្ពោធសាលារៀនអនុវិទ្យាល័យកន្ទឺ១ សាលាបឋមសិក្សាស្វាយព្រៃ និងស្ពានបេឡ ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន មុនធ្វើអ្វីមួយត្រូវគិតគូរផលប្រយោជនប្រជាជនជាធំ ត្រូវដោះស្រាយ រាល់គ្រប់បញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយភាពយុត្តិធម៌ ដើម្បីភាពសុខសប្បាយក្នុងសង្គម មិនត្រូវគិតតែផលប្រយោជន៍គ្រួសារ បក្ខពួករបស់ខ្លួនជាធំនោះទេ។
ជាមួយគ្នានោះសម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ ដែលកម្ពុជា យើងកំពុងមានសព្វថ្ងៃនេះ។ បន្ថែមពីនេះ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលប្រទេសយើងកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ក្តី ក៏រាជរដ្ឋាភិបាលនៅតែមិនបានព្រងើយកន្តើយចំពោះការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធវ័ន្ត ដែលជាផ្នែកមួយក្នុងកែលម្អនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេឡេ១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សាចំនួន២ខ្នង ស្មើនឹង១០បន្ទប់ នៅសាលាបឋមសិក្សាស្វាយព្រៃ១ខ្នង ៥បន្ទប់ និងអនុវិទ្យាល័យកន្ទឺ១ ចំនួន១ខ្នង៥បន្ទប់នោះ ប្រជាពលរដ្ឋបានថ្លែងអំណារគុណយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលថ្មីមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានធ្វើដោះស្រាយការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋពីត្រើយម្ខាងមកត្រើយម្ខាងទៀតផងដែរ៕ដោយ៖សហការី