ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៥និង០០នាទី ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត ហើយពេលទៅដល់ចំណុចភូមិក្បាលស្ពាន១ កម្លាំងបានប្រទះឃើញបុរសម្នាក់អង្គុយនៅកន្លែងងងឹត។ ដោយមានការសង្ស័យកម្លាំងបានចុះទៅត្រួតពិនិត្យឃើញកំពុងប្រើប្រាស់គ្រឿងញៀនហើយក៏ធ្វើការឃាត់ខ្លួនតែម្តង និងបានដកហូតវត្ថុតាងរួមមានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ,ដបថ្នាំកេតាមីន(ទទេ) និងសឺរុាំងចាក់ថ្នាំមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យជាជនជាតិថៃឈ្មោះ អាការ៉ាផុន អាសានាវិត ភេទប្រុស អាយុ៣៤ឆ្នាំ ធ្លាប់ធ្វើជាបុគ្គលិកកាស៊ីណូអនឡាញ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន។ ដោយយោងតាមចម្លើយសារភាពនិងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ដោយ៖ សសម