អន្តរជាតិ៖ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសដាក់ចេញបទបញ្ជា ឲ្យប្រជាជនរបស់ខ្លួនស្ថិតនៅផ្ទះនៅក្នុងសង្កាត់ Sittwe នៃរដ្ឋរ៉ាក់ឃីន (Rakhine) ដោយចាប់ផ្តើមនៅយប់ថ្ងៃព្រហស្បតិ៍ទី២០ ខែសីហាម្សិលមិញនេះតែម្តង ខណៈករណីឆ្លងក្នុងស្រុកនៃជំងឺ COVID-19 ថ្មីៗនេះកើនឡើងជាខ្លាំង។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់ចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុក នៃជំងឺ COVID-19 ចំនួន ០៣ករណីបន្ថែមទៀតត្រូវបានរាយការណ៍នៅក្នុងសង្កាត់ Sittwe នៃរដ្ឋរ៉ាក់ឃីន ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣៩៩នាក់។
គួរបញ្ជាក់ផងដែរថា ករណីឆ្លង COVID-19 ត្រូវបានគេរកឃើញជាលើកដំបូង ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែមីនា ហើយរហូតមកទល់ពេលនេះ មានអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន ០៦នាក់ ក្នុងចំណោមករណីឆ្លងសរុបជិត ៤០០នាក់ខាងលើ៕ដោយ៖ស តារា