លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ប្រកាសបង្ហាញជំហរគាំទ្រដល់កម្ពុជា ដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង នៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន លោកបានប្រកាសបង្ហាញជំហរគាំទ្រដល់កម្ពុជា ដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍។ ការលើកឡើងបែបនេះ ខណៈដែលមុនដំណើរអញ្ជើញមកដល់តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានផ្ញើសារមួយជូនពលរដ្ឋកម្ពុជា

សូមជម្រាបថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។

ក្នុងការនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសរំលេចពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។ ប្រមុខការទូតជប៉ុនរូបនេះ បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបាននាំមកជាមួយនូវនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។

ក្ប្រមុខការទូតជប៉ុនរូបនេះ បានគូសរំលេចថា ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។

លោកបានលើកឡើងនៅក្នុងសារនោះ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលលោកបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង .២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន .៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន .៣ដង (ពី ១០០លានដុល្លាអាមេរិករហូត ដល់ ២៣០លានដុល្លាអាមេរិក)

លោកបន្តថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់) ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម ២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត។

លោកក៏បានរំលឹកដែរថា កាលពីខែមករាឆ្នាំ២០២០ លោកបានជួបជាមួយយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយយុវជនកម្ពុជាទាំង១០រូបនោះ បានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍកម្ពុជាយ៉ាងខ្លាំង។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានកោតសរសើរពីធនធានមនុស្សរបស់កម្ពុជា ដោយបានប្រដូចធនធានមនុស្សរបស់កម្ពុជា ដូចជាកំពូលប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឱ្យខ្ពស់។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនាប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។

បន្ទាប់ពីពិពណ៌នាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទាំងនេះទៅ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសបញ្ជាក់ថា ជប៉ុន នឹងបន្តគាំទ្រ និងជួយដល់កម្ពុជា ដើម្បីសម្រេចនូវមាគ៌ាអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយកម្លាំងយុវជន។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបញ្ជាក់ដូច្នេះ «ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង»

ប្រមុខការទូតជប៉ុនរូបនេះ បានបញ្ជាក់ដែរថា លោកទន្ទឹងរង់ចាំជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរកាន់ តែរីកចម្រើនថែមទៀត។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសកម្ពុជាក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះប្រមុខការទូតជប៉ុនរូបនេះ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែសីហា។

នៅរសៀលថ្ងៃដដែលលោករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះនឹងមានការជជែកគ្នាលើបញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម។

ជាការកត់សម្គាល់ក្រោមក្រោមទំនាក់ទំនងដ៏រស់រវើករវាងកម្ពុជា និងប្រទេសជាមិត្តនោះ ក្នុងមួយឆ្នាំៗកម្ពុជាទទួលថ្នាក់ដឹកនាំប្រទេសជាមិត្តមិនតិចនោះឡើយ។ តែសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ មកដល់ខែសីហា នេះមិនទាន់មានថ្នាក់ដឹកនាំប្រទេសជាមិត្តណាបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយនោះទេ។

ប្រមុខការទូតជប៉ុនរូបនេះ អាចរាប់ថា ជាមន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២០ ពេលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩

សូមជម្រាបថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។

តាមរយៈទំនាក់ទំនងល្អប្រសើរនេះ ជប៉ុនបានជំរុញការវិនិយោគជាបន្តបន្ទាប់មកកាន់កម្ពុជា។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគជប៉ុននៅកម្ពុជា មានសរុបចំនួន ១៣៧គម្រោង ដែលមានទុនសរុបចំនួន ,៤៨៦លានដុល្លារអាមេរិក។ ក្នុងនោះ ឆ្នាំ២០១៦ ទុនវិនិយោគមានចំនួន ៨២២លានដុល្លារ, ឆ្នាំ២០១៧ មានទុនវិនិយោគចំនួន ៦៣លានដុល្លារ និងឆ្នាំ២០១៨ មានទុនវិនិយោគចំនួន ៨៨៣លានដុល្លារ។

គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់យើងបាវិតកំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង។

ប្រទេសជប៉ុន ក៏ជាប្រទេសនាំមុខគេមួយក្នុងការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ដោយបានផ្តល់ថវិកាសរុប ៨៥,១២លានដុល្លារអាមេរិកចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦) ស្មើនឹង ៣២% នៃជំនួយហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងនោះ ១៦,៥៤លានដុល្លារអាមេរិក សម្រាប់ភាគីជាតិ និង៦៨,៥៨លានដុល្លារអាមេរិកសម្រាប់ភាគីអន្តរជាតិ។ ក្នុងឆ្នាំ២០១៧ ជប៉ុនបានផ្តល់ថវិកាចូលរួមបន្ថែមចំនួនប្រមាណ ,២លានដុល្លារអាមេរិកសម្រាប់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម។

ក្រៅពីជំនួយដល់សាលាក្តីខ្មែរក្រហមហើយនោះ ជប៉ុន ក៏បានផ្តល់ជំនួយជាច្រើនលានដុល្លារទៀត សម្រាប់ការអភិវឌ្ឍនៅកម្ពុជាជាលើវិស័យអប់រំ កែលំអរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌ និងដោះស្រាយបញ្ហាសង្គមផ្សេងៗទៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print