ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ បានបើករថយន្តតូយូតា ព្រូសមួយគ្រឿងឆ្លងផ្លូវត្រូវបានរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខបុកចំហៀងខាងមុខពេញកំហឹងបណ្ដាលឲ្យចង្កូតទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងតូបដែកសម្រាប់ដាក់លក់មួកសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២កែងនឹងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ បើករថយន្តតូយូតា ព្រូសពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AZ-0998ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ១៨២ ក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩២ទិសដៅពីកើតទៅលិច ជ្រុលទៅបុករថយន្តតូយូតា ព្រូស ចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្ដររេចង្កូតទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងតូបដែកសម្រាប់ដាក់លក់មួកសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងនឹងដាច់កាឡេទៅមុខលែងរួច។ ក្រោយកេីតហេតុភ្លាមៗរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយមកទៀត ម្ចាស់រថយន្តរងគ្រោះបានទំនាក់ទំនងហៅរថយន្តស្ទូច ឲ្យមកស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ បណ្ដោះអាសន្ន។ចំណែកសម្ភារខូចខាតផ្ទះប្រជាពលរដ្ឋ ម្ចាស់រថយន្តរងគ្រោះនិងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ