ប្រមុខរាជរដ្ឋាភិបាលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹង ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ។
​​អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួមមានលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
​​រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ថ្នាក់ដឹកនាំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ​ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ ថ្នាក់ដឹកនាំ ក៏នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។
​​កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print