សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ លោក វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន គឺលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ។
បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព។
នេះបើយោងតាម Facebook ផ្លូវការ របស់លោល ពេជ្រ ស្រស់ លើកឡើងនៅថ្ងៃនេះ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «សម្តេចតេជោបានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែន តបតាមសំណួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តី»។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងទៅធ្លាប់មានប្រសាសន៍ថា៖ រឿងព្រំដែន​ យ៉ាងក្តៅគគុក ខណៈ​ អង្គការក្រៅរដ្ឋាភិបាល​ Comfrel បានធ្វេីការស្ទង់មតិ​ លេីបញ្ហានេះ​ រយៈពេល១សប្តាហ៍​ ដែលនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ​ នឹងបញ្ចប់ហេីយ​ ។
ទន្ទឹមនេះ​ មហាជនដ៏ច្រេីនលេីសលប់​ បានសម្តែងការគាំទ្រលេីការចាប់ខ្លួនជនពាក់ព័ន្ធ​ ដែលនិយាយបំផ្លេីសរឿងព្រំដែន​ មានជាអាទិ៍ លោក​ រ៉ុង​ ឈុន​ និង​ លោក​ សួង​ សុភ័ណ្ឌ​ លេីការស្ទង់មតិរបស់​អង្គការ​Comfrel​។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការខុមហ្វ្រែល និងបណ្តាញព័ត៌មានបរទេសនានា យកលទ្ធផលស្ទង់មតិរបស់អង្គការខុមហ្វ្រែលជុំវិញការចាប់ខ្លួន លោក រ៉ុង ឈុន។ ការស្ទង់មតិនេះ មាន ៧៨ភាគរយគាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងមាន ២២ភាគរយប៉ុណ្ណោះ មិនគាំទ្រ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ ផែនទីប្រើសម្រាប់កំណត់ព្រំដែនជាមួយប្រទេសវៀតណាម គឺបន្សល់ដោយបារាំង មិនមែនជាផែនទីកំណត់ដោយខ្មែរនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ភូមិខ្មែរមួយចំនួនដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែនរបស់បារាំងបានគូសបែបនោះ។ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។ តាមរយៈខ្សែផែនទីនេះកម្ពុជាទទួលបានដីពីវៀតណាមប្រមាណ២ពាន់ហិកតា។ ដីនេះត្រូវយកទុកជាដីសម្បទានសង្គមកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងព្រំដែនមិនមែនជារឿងលេងសើចទេ កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។ ក្នុងនោះ បានសម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ស្នេហាជាតិអីតែក្រុមប្រឆាំងណុង? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះ ខ្មែរអស់ដីហើយ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។ សម្តេចប្រកាសថា៖ រឿងព្រំដែនឈប់រញ៉េរញ៉ៃ ប្រសិនបើអ្នកណានិយាយចេញមកប៉ុណ្ណាចាប់ប៉ុណ្ណឹង។
កុំចោទរាជរដ្ឋាភិបាលថាផ្តាច់ការ ព្រោះការនិយាយរឿងព្រំដែនមិនមែនជាការបញ្ចេញមតិនោះទេ។ សម្តេចតេជោ បានលើកឡើងថា ក្រុមប្រឆាំងបានលើកឡើងច្រើនដងហើយលើបញ្ហាព្រំដែន ហើយសម្តេចក៏បានបកស្រាយច្រើនដងរួចហើយ ព្រមទាំងក្នុងរដ្ឋសភាផងដែរ។
សម្តេចតេជោ ក៏បានចោទសួរក្រុមប្រឆាំងថា ស្នេហាជាតិអីតែខ្លួនឯង តើព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាលមិនស្នេហាជាតិទេអី?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print