យុវជន​ម្នា​ក់​បើករថយន្ត​បុក​ក្បាលនាគ​ពុះ​ចែកទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតទៅប៉ះរុឺម៉កបណ្ដាលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖ យុវជន​ម្នា​ក់​បានបើករថយន្ត​ គេចពីឡំប្រឺតាបាន​ជ្រុល​ចង្កូត​ទៅបុក​របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តខ្ទាតទៅប៉ះរ៉ឺម៉កម៉ូតូ​មួយគ្រឿង​ទៀតបណ្ដាលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទី​ទៀបភ្លឺឈានចូលថ្ងៃ​​ទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ូតាហាយឡេន​ឌ័​រ ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT-3525បើកបរ​ដោយ​យុវជន​ម្នាក់ និង​មានអ្នករួមដំណើរ​ម្នាក់ បើកបណ្ដោយ​ផ្លូវលេខ២៨៩ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅជើង ខណៈមកដល់កន្លែងកើតហេតុ អ្នកបើកបរបានបួងចង្កូតគេចពីឡំប្រឺតា១គ្រឿងក៏ជ្រុលទៅបុកក្បាលនាគ​ពុះ​ចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តបានខ្ទាតទៅប៉ះនឹងរ៉ឺម៉កម៉ូតូមួយគ្រឿងបណ្តាលឲ្យ​រថយន្ត​ដាច់កាឡេកង់​ទៅមុខលែងរួច ហើយសំណាងល្អដែរដែលនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចរាចរណ៍ឱ្យចុះមកស្ទូចយក​រថយន្ត​ទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​៕  ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print