ប្រធានាធិបតី​ប្រេ​ស៊ី​ល បន្ទាប់ពីអ្នកកាសែតសួរនាំ​រឿង​ភរិយាលោកពាក់ព័ន្ធអំពើពុករលួយ​ ​លោកគំរាម​ដាល់កណ្ដាល​មាត់​

ចែករំលែក៖

អន្តរជាតិ៖ ​បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា នៅ​ថ្ងៃទី​២៣ ខែសីហាថ្មីៗនេះ លោកប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) បាន​គំរាម​ដាល់​អ្នកកាសែត​ក​ណ្តា​ល​មាត់ ក្រោយអ្នកកាសែត​ចោទ​ជា​សំណួរ​ទៅ​លោក​ជុំវិញ​រឿង​ពុករលួយ​ដែល​គេ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភរិយា​របស់លោក ។

តាមចម្លើយ​គំរាម​របស់លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ  នៅពេល​អ្នកកាសែត​មក​ពី​សារព័ត៌មាន O Globo បានលើក​ជា​សំណួរ​ទាក់ទង​នឹង​រឿង​ពុករលួយ​របស់​ភរិយា​លោក អ្នកស្រី មី​ឈែល បុល​សូ​ណា​រ៉ូ លោកនិយាយថា៖ «​ខ្ញុំ ចង់តែ​ដាល់​អ្នក​កណ្តាល​មាត់​ទេ​»​។ ​។ អ្នកកាសែត​មកពី​សារ​ព័ត៌មាន O Globo ដែល​ត្រូវ​លោក បុល​សូ​ណា​រ៉ូ គំរាម​នោះ ជា​សមាជិក​របស់​ក្រុមអ្នកកាសែត​ដែល​តែង​ទៅយក​ព័ត៌មាន​ក្រោយ​លោក Bolsonaro ចេញពី​វិហា​គ្រឹ​ស្ត​សាសនា​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​។

​សូមជម្រាបថា សំណួរ​របស់​អ្នកកាសែត O Globo គឺ​ផ្ដោត​លើក​សំណុំរឿង​មួយ​ដែល​ផ្សាយ​ដោយ​ទស្សនាវដ្ដី Cruseo ដែល​បាន​ភ្ជាប់​អ្នកស្រី មី​ឈែល ទៅនឹង​រឿង​ពុករលួយ​របស់លោក ហ្វា​ប្រ៊ី​ស៊ីអូ កេ​រ៉ូ​ស (Fabricio Queiroz) មិត្តភក្តិ​របស់លោក បុល​សូ​ណា​រ៉ូ និង​ជា​អតីត​ទីប្រឹក្សា​របស់លោក  ហ្វ្លា​​​​វី​យ៉ូ បុល​សូ​ណា​រ៉ូ (Flavio Bolsonaro) កូនប្រុស​លោក​ប្រធានាធិបតី ដែលជា​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​។​

​ជាក់ស្តែងបច្ចុប្បន្ននេះ លោក កេ​រ៉ូ​ស និង​លោក ហ្វ្លា​វី​យ៉ូ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត បន្ទាប់ពី​ត្រូវបាន​សង្ស័យថា កិបកេង​លុយ​រដ្ឋាភិបាល​សម្រាប់​បើក​ឲ្យ​មន្ត្រីរាជការ​នៅពេល​លោក ហ្វ្លា​វី​អូ កាន់តំណែង​ជា​សមាជិកសភា​នៅ​ទីក្រុង Rio de Janeiro និង​មុនពេល​លោក បុល​សូ​ណា​រ៉ូ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។​

​ដោយឡែកបើយោងតាម​ទស្សនា​វ​ត្តី Cruseo ប្រាក់​ដែល​លោក កេ​រ៉ូ​ស បានមកពី​ការ​កិបកេង​នោះ ត្រូវបាន​ដាក់ចូល​ក្នុង​គណនី​អ្នកស្រី មី​ឈែល ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៨ តែ​មិនបាន​បញ្ជាក់​ចំនួន​លុយ​ឡើយ​។ ភរិយា​លោក បុល​សូ​ណា​រ៉ូ អះអាងថា អ្នកស្រី​មិនដឹង​អ្វី​ពី​រឿងនេះ​ឡើយ​។​

​គួរបញ្ជាក់ផងដែរថា ក្រោយ​មាន​ហេតុការណ៍​គំរាម​ដាល់​អ្នកកាសែតរ​បស់​ខ្លួន សារព័ត៌មាន O Globo បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​ថា អ្នកកាសែត​របស់ខ្លួន​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​។ សារព័ត៌មាន​ដ៏​ធំ​របស់​ប្រេ​ស៊ី​ល​មួយ​នេះ បន្តថា ការ​គំរាម​បង្ហាញថា លោក Jair Bolsonaro មិន​ទទួលស្គាល់​កាតព្វកិច្ច​ជាម​ន្ត្រី​សាធារណៈ​ដែលមាន​ទំនួល​ខុសត្រូវ​ចំពោះមុខ​សាធារណៈជន​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print