អន្តរជាតិ៖ អតីតខ្សែបម្រើឆ្នើមក្រុម Barcelona, AC Milan និង Paris Saint-Germain ជាពិសេសគឺជាជើងឯកជម្រើសជាតិប្រេស៊ីល លោក Ronaldinho ត្រូវជាប់ឃុំខ្លួនជាមួយបងប្រុសរបស់គេលោក Roberto de Assis Moreira កាលពីថ្ងៃទី៦ ខែមីនាដោយរងការចោទប្រកាន់ថា បានចូលប្រទេសប៉ារ៉ាហ្គាយដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ ដោយជាប់ឃុំខ្លួនអស់រយៈពេលជិត ៥ខែកន្លងមក ។ពេលនេះ លោកRonaldinho ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃទី២៥ ខែសីហានេះ។
សូមជម្រាបថា បន្ទាប់ពីអ្នកទាំងពីរ ជាប់ពន្ធនាគាររយៈពេលជាង១ខែ ដើម្បីរង់ចាំការជំនុំជម្រះលើបទចោទប្រើប្រាស់លិខិតឆ្លងដែនមិនពិតនេះ មេធាវីបានបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារ សម្រាប់ឲ្យពួកគេបានចេញពីទីឃុំឃាំង ដើម្បីអាចទៅឃុំខ្លួនក្នុងសណ្ឋាគារមួយនៅកណ្តាលក្រុង Asuncion វិញ។
ប៉ុន្តែយ៉ាងក៏ដោយ ក្រោយចៅក្រមលោក Gustavo Amarilla បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី២៤ ខែសីហា ដើម្បីបើកសវនាការលើរឿងក្តីនេះ បងប្អូនប្រុសទាំងពីរក៏ត្រូវបានសម្រេចឲ្យដោះលែងពីការឃុំខ្លួនក្នុងផ្ទះ ដើម្បីឲ្យពួកគេមានសេរីភាពធម្មតាវិញ។
ចំពោះការដោះលែងនេះ កើតឡើងក្រោយរដ្ឋអាជ្ញាបានដាក់សំណើទៅចៅក្រមដោយឲ្យ អតីតតារាឆ្នើម Barcelona បង់ប្រាក់ពិន័យជុំវិញករណីបន្លំខាងលើនេះ ហើយអនុញ្ញាតឲ្យរូបគេវិលត្រឡប់ទៅប្រេស៊ីលវិញ ដោយត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមរៀងរាល់ ៣ខែម្តងក្នុងរយៈពេលមួយឆ្នាំ។
ដោយឡែកជុំវិញការចោទប្រកាន់នេះដែរ ម្ចាស់ពាន Ballon d’Or ឆ្នាំ២០០៥ ដែលសព្វថ្ងៃឈានដល់វ័យ៤០ឆ្នាំ បានបដិសេធថាខ្លួនមិនមានសមត្ថភាពឯណាដើម្បីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយនោះទេ។
គួរបញ្ជាក់ថា បើទោះជាត្រូវដោះលែងមែន តែ Ronaldinho ដែលជាផ្នែកមួយដ៏សំខាន់ក្នុងជួយក្រុមជម្រើសជាតិប្រេស៊ីលដែលឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០០២ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ៩ម៉ឺនដុល្លារ ខណៈបងប្រុសរបស់គេត្រូវបង់ ១១មឺនដុល្លារ លើលក្ខខណ្ឌធ្វើដំណើរពួកគេទាំងពីរ៕ដោយ៖ស តារា