ទម្លាក់យោងបានសម្រេច២លើកតែប៉ះអ្នកចុងក្រោយអស់លក្ខណ៍ជាប់អន្ទាក់ជនរងគ្រោះចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពប្រើល្បិចចាស់ទម្លាក់យោង បញ្ឆោតល្បួងយកគ្រឿងអលង្ការបានចំនួន២លើកផ្សេងគ្នាផ្ទួនៗ គាប់ជួនជនរងគ្រោះចុងក្រោយដឹងខ្លួនទាន់ក៏ស្រែកឆោឡោផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលជនរងគ្រោះចាប់ខ្លួនបានម្នាក់នោះមានឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលក្នុងភូមិឈូកវ៉ា សង្កាត់កោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
ចំណែករងគ្រោះ២នាក់ ទី១-ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិសុីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សម្ភារបាត់បង់អស់កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស ៣ជី ។ ជនរងគ្រោះទី២ ឈ្មោះ
ឌឿន លេខ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មេផ្ទះ មានប្តីឈ្មោះ ឆាន់ ណារ៉ូ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ សម្ភារបាត់បង់មានខ្សែក ចិញ្ចៀនប្លាទីន លុយកាក់ សរុបជាង៥០០ដុល្លារ ។

តាមសម្តីជនរងគ្រោះទី១បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ខែសីហា ឆ្នាំ២០២០ គ្រាដែលគាត់ចេញពីធ្វើការនៅរោងចក្រ ត្រូវបានជនសង្ស័យ(ស្រី)ខាងលើ និងបក្ខពួក៣នាក់ទៀតប្រើល្បិចទម្លាក់យោង នាំទៅដោះគ្រឿងអលង្ការនៅក្នុងភូមិទួលពង្រ ដោយបានដោះដូរឲ្យមកវិញនូវខ្សែកកាឡៃ ។ រីឯជនរងគ្រោះទី២ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា នេះ គ្រាដែលគាត់ដើរទៅរកទិញម្ហូបនៅមុខផ្ទះឡ ផ្លូវចោមចៅ ជនសង្ស័យនិងបក្ខពួកបានប្រើល្បិចធ្វើជាជ្រុះកាបូបលុយ មាស ហើយល្បួងគាត់នាំទៅដីវាលក្នុងភូមិទួលពង្រ ដោះយកគ្រឿងអលង្ការ លុយកាក់ អស់ពីខ្លួនរលីង ដោយបានមកវិញខ្សែកកាឡៃ ហើយគាត់ដឹងខ្លួនភ្លាមៗថាពិតជាចាញ់បោកគេហើយ ក៏ស្រែកឆោឡោឮដល់ពលរដ្ឋឃើញជួយដេញចាប់បានស្ត្រីសង្ស័យម្នាក់ ឯ៣នាក់ទៀតក្នុងនោះមានប្រុស២នាក់ បានយកទ្រព្យសម្បត្តិគាត់គេចខ្លួនទៅបាត់ ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបានហើយ បាននាំទៅប៉ុស្តិ៍ លុះដឹងដល់ជនរងគ្រោះទី១ មកមើលទើបដឹងថាជនសង្ស័យមុខដដែល រួចរួមគ្នាដាក់ពាក្យបណ្តឹងទាំង២នាក់ ស្នើសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ​សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print