ប៉ូលីសបារាំង ​ឃាត់ខ្លួន​ជនបង្ក​ចលាចល និង​ដុតបំផ្លាញ​រថយន្ត​ក្នុង​ក្រុងប៉ារីសប្រមាណ​ជិត​១៥០​នាក់ ក្នុងចំណោម​អ្នកគាំទ្រ​របស់ក្រុម PSG រាប់ពាន់នាក់​

ចែករំលែក៖

អន្តរជាតិ៖ ដោយសារតែ​​ខឹងសម្បារ​ក្រោយ​ក្រុមបាល់ទាត់ Paris St-Germain ចាញ់ក្រុម Bayern Munich ដោយ​លទ្ធផល ១–០ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បានធ្វើឲ្យអ្នកគាំទ្ររបស់ PSG រាប់ពាន់នាក់​ នាំគ្នាបង្កចលាចល និង​ដុតបំផ្លាញ​រថយន្ត​ក្នុង​ក្រុងប៉ារីស ។ ទើបក្រុមប៉ូលីសបារាំង សម្រេចឃាត់ខ្លួន​អ្នកគាំទ្រ​ចំនួន ១៤៨ នាក់ ដែលជាជនបង្កហេតុ ។

​សូមជម្រាបថា នៅ​រាត្រី​ថ្ងៃទី​២៣ សីហាថ្មីៗនេះ ក្រុមអ្នកគាំទ្រ​ក្លិប PSG រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ផ្លូវ Champs-Elysees និង​នៅ​ជុំវិញ​ពហុ​កីឡដ្ឋាន Parc des Princes ដើម្បី​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល ២០១៩–២០ តាមរយៈ​ផ្ទាំងសំពត់ស​ធំ​មួយ ​។ ហើយនេះ​ជាការ​បង្ហាញខ្លួន​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​របស់​ក្លិប​យក្ស​បារាំង ខណៈ​ក្រុម​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ដណ្តើម​យកពាន​នេះ​។​

យ៉ាងណាក៏ដោយ អ្វីៗ​ត្រូវបាន​រលាយ​សាបសូន្យ ដោយសារ​ថ្វី​ជើង​កីឡាករ​សញ្ជាតិ​បារាំង Kingsley Coman ដែល​ប្រើ​ក្បាល​អុក​បាល់​បញ្ចូល​ទី​នៅ​នាទី​៥៩ ពី​ការបញ្ជូន​របស់ Joshua Kimmich ដើម្បី​ជួយ​ក្រុម Bayern Munich យកឈ្នះ PSG ១–០​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកគាំទ្រ PSG រំជួលចិត្ត​ខ្លាំង នៅពេល​ក្រុម​របស់​ពួកគេ​ទទួលបាន​ត្រឹម​ខកចិត្ត​សម្រាប់​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្លិប​ក្នុង​ក្របខណ្ឌ​ពាន​កំពូល​អឺរ៉ុប ​រហូត​បា​នប​ង្ក​ភាព​រញ៉េរញ៉ៃ និងហិង្សា​នៅលើ​ដងផ្លូវ​ភ្លាមៗ​​ក្នុង​រដ្ឋធានី​របស់​បារាំង ក្រោយ​ចប់​ការប្រកួត​តែម្តង​។

​បើតាម​សម្តី​ប៉ូលីស​ក្រុងប៉ារីស បាននិយាយថា ក្រុមអ្នកគាំទ្រ​ទាំងនោះ​ មិនត្រឹមតែប្រើហិង្សានោះទេ ថែមទាំង​ដុត​កម្ទេច​រថយន្ត​ជាច្រើន​គ្រឿង គប់​បំពង់ផ្សែង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ​ជាច្រើន​នៅលើ​ផ្លូវ Champs-Elysees នោះ​។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រ​ខ្លះ​បាន​ឆ្លៀតឱកាស​បំបែក​កញ្ចក់​ហាង​ទំនិញ ដើម្បី​ចូល​យក​ឥ​វ៉ាន់​ទៀតផង​។​ ទើបប៉ូលីស​បានសម្រេច​ចាប់ខ្លួន​ជនបង្ក​ប្រមាណ​ជិត​១៥០​នាក់ក្នុងចំណោម​អ្នកគាំទ្រ​របស់ PSG រាប់ពាន់នាក់​តែម្តង ។

​គួបញ្ជាក់ថា ក្រោម​ការវិនិយោគ​រប​ស់​មហាសេដ្ឋី​កាតា PSG អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​ជា​លើកដំបូង​ចាប់តាំងពី​បង្កើត​ក្លិប​ក្នុង​ឆ្នាំ​១៩៧០​មក ប៉ុន្តែ​មិនអាច​សម្រេច​ក្តី​សុបិន​នេះឡើយ ដោយ​ទទួលបាន​ត្រឹម​រងជើង​ឯក​ប៉ុណ្ណោះ​។ ដោយឡែក Bayern Munich វិញតាមរយៈ​ជ័យជម្នះ​នេះ បាន​នាំ​ពួកគេ​ក្លាយជា​ម្ចាស់​ពាន Champions League លើក​ទី​៦ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print