ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺប្រចាំកាយដោយព្យាបាលនៅស្រុកកំណើតមិនជាទើបក្រុមគ្រួសារដឹកមកព្យាបាលនៅរាជធានីភ្នំពេញតែជាអកុសលបានស្លាប់តាមផ្លូវចំណែករថយន្តដែលដឹកជនរងគ្រោះបែរជាទម្លាក់ចោលបើករថយន្តទៅបាត់។
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១៧ ក្នុងសង្កាត់បឹងកក់ទី ២ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមការរៀបរាប់ពីក្រុមគ្រួសារនៃសពបានឱ្យដឹងថាសាកសពមានឈ្មោះ ហួតសត់ មានអាយុ ២៩ ឆ្នាំមានស្រុកកំណើតនៅភូមិ ដីឥដ្ឋស្រុកពានជរ ខេត្តព្រៃវែង
អ៊ុំស្រីម្នាក់ដែលត្រូវជាម្ដាយបានរៀបរាប់ទាំងទឹកភ្នែកបន្តទៀតថាកូនប្រុសរបស់គាត់មានជំងឺ(ទាចទឹកហើមពោះ)ឈឺរយៈពេល ៣ខែមកហើយព្យាបាលនៅស្រុកកំណើតមិនជាទើបគាត់និងក្រុមគ្រួសារបានហៅរថយន្តឈ្នួលដើម្បីដឹកកូនប្រុសរបស់គាត់មកព្យាបាលនៅរាជធានីភ្នំពេញតែជាអកុសលដល់កន្លែងកើតហេតុខាងលើកូនគាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយភ្លាមនោះគាត់ក៏ឲ្យម្ចាស់រថយន្តឈ្នួលដឹកសាកសពកូនគាត់ទៅស្រុកកំណើតវិញប៉ុន្តែខាងរថយន្តឈ្នួលមិនព្រមដឹកសាកសពបែរជាទម្លាក់ចោលនៅតាមផ្លូវទៅវិញ។
ទើបបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដោយឃើញសភាពក្រុមគ្រួសារនៃសពមានការខ្វះខាតសម្រាប់
ដឹកសាកសពទៅស្រុកកំណើតវិញទើបបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមផ្លូវក៏ដូចជាសមត្ថកិច្ចមូលដ្ឋានរួមជាមួយនឹងក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នចំណាយជាថវិកាផ្ទាល់ខ្លួនសម្រាប់ឱ្យគាត់ហៅរថយន្តសាមុយដឹកសាកសពកូនគាត់យកទៅស្រុកកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ផេង ភាព