សមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ព្រមទាំងថ្នាំញៀនមួយចំនួននៅក្នុងខារ៉ាអូខេយីហោ អិច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោកចុះបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អិច ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនផងដែរ។
ការចុះបង្រ្កាបនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៦កែងនឹងផ្លូវលេខ២១៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបជាក់ស្ដែងបែបនេះគឺទីតាំងខារ៉ាអូខេយីហោ X ត្រូវបានអាជ្ញាធរមូលដ្ឋានចុះណែនាំច្រើនដងរួចមកហើយដែរដោយបានធ្វើកិច្ចសន្យាឲ្យកែប្រែពីខារ៉ាអូខេទៅជាភោជនីយដ្ឋានទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងយោងតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ ធ្វើអនាម័យការពារនូវជំងឺកូវីដ-១៩ តែដោយសារទីតាំងខារ៉ាអូខេ យីហោ X នៅតែបន្តបើកជាធម្មតាជាលក្ខណៈក្លិបនិងខារ៉ាអូខេ ដូច្នេះហើយទើបកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីបានចុះប្រតិបត្តិការបង្ក្រាបជាក់ស្ដែងដោយរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រីចំនួន៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។

ក្រោយបង្រ្កាបរួច ទាំងមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print