សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ដើម្បីយកទៅប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ ពិធីប្រគល់-ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា វៀតណាម ខ្នាត ១/២៥ ០០០នេះស្ថិតនៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។

ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីរសម្រេចបាន។ ផែនទីនេះជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិឹងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០ ០០០ ដែលមានតែខ្សែព្រំដែន មិនមានអ្វីច្រើនជាងនេះ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា បានមានប្រសាសន៍ថា ក្រសួង ស្ថាប័ន និងអង្គភាពចំនួន៣៥ នឹងទទួលបានផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ។ លោកបន្តថា ផែនទីនេះជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន៨៤ភាគរយ។
ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីប្រគល់និងទទួល កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយលោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

សូមបញ្ជាក់ថា ការរៀបចំប្រគល់-ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕
ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print