រឿងនិទានខ្មែរ÷ រឿង ដើមរលួសមាស

ចែករំលែក៖

រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។ ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន​
សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក លុះបាន ៣-៤ ខែ តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មតាវិញ ។ ដោយ​សារ​តែ​ចេះ​ផ្លាស់​ប្ដូរ​ពណ៌​ល្អ​មើល​ប្លែក​ពី​ដើម​ឈើ​ដទៃ ៗ ទៀតដូចនេះហើយ បានជាគេដាំរលួសមាសនេះ នៅពីមុខផ្ទះ ឬក្នុងសួនសាធារណៈផ្សេង ៗ ។
មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះ យ៉ាងកម្សត់ នាំឲ្យអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះមានសេចក្ដីដំណាលថា: មានបុរសម្នាក់ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវកេសី មានកូនស្រីម្នាក់ឈ្មោះនាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សម្រាប់​ត្រួត​ត្រា​លើ​ប្រជា​
រាស្ត្រ​ទូទៅ ។ មានបុរសកម្សត់ម្នាក់ទៀត នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែ ។ ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតិបុត្រប្រុសមួយនៅក្នុងស្រែ ដែល​នាង​កំពុង​ច្រូត​ស្រូវ , អ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នា ក៏ឲ្យឈ្មោះកូននោះថា ចៅកុដុម្ពីក៍កុមារ ។ កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការបានអាយុ ១៦ ឆ្នាំ ក៏ប្រកបដោយរូបឆោមយ៉ាងឆើត គួរ​ជាទី​ចាប់​អារម្មណ៍​នៃ​ស្រី​ផងទាំងពួង ។ ឯនាងកុលកេសីជាបុត្រីកុល្លីយបុរស ក៏មានសម្រស់គួរចេតនាដែរ ។ ទាំងពីរនាក់ បានលបលួចស្នេហារវាងគ្នានឹងគ្នា រហូត​ទាល់​តែ​ដាច់​ចិត្ត​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក​កំណើត ដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោស ។
ទាំងពីរនាក់ប្ដីប្រពន្ធ ខំដើរផងរត់ផងកាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរឲ្យភ័យខ្លាច ទាំងយប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅ មួយជាជនបទដាច់ស្រយាលឈ្មោះកាសី ។ អ្នក​ស្រុក​កាសី​នេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ, ម្នាក់ ៗ គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ ។ បើគេមើលទៅក្នុងផ្ទះជនទាំងនោះ គេឃើញតែកន្សែងយន្ត-មន្ត អាគម បាយសី ពេញល្វែងផ្ទះ ។ ទាំងមេស្រុកនៅស្រុកនោះ ក៏ចូលដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍និងកុលកេសី បានទៅដល់ស្រុកនោះភ្លាម ក៏ត្រូវពួកចោរ ហនេយ្យុំ ចាប់​កុដុម្ពី​ក៍​បាន ប៉ុន្តែ​នាង​កុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅឲ្យមេស្រុក ដើម្បីសុំអង្វរឲ្យមេស្រុកជួយយ៉ាងណាឲ្យពួកចោរដោះលែងប្ដីនាងមកវិញ ។
មេស្រុកបានទៅនិយាយនិងក្រុមចោរដោយសម្អាងថា: ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងឲ្យកុដុម្ពីក៍រួចខ្លួនហើយទាំងពីរនាក់ប្ដីប្រពន្ធ ក៏​បាន​សុំ​លោក​មេ​ស្រុក​និង​ប្រពន្ធ​គាត់​ធ្វើ​ជា​ឪពុក​ម្ដាយ​ធម៌ ។ មេស្រុកនិងប្រពន្ធគាត់ ត្រេកអរណាស់ ព្រោះគាត់គ្មានកូន, បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារនិងជាអ្នកទទួលមត៌កផង។ គាត់ស្រឡាញ់កុដុម្ពីក៍និងនាងកុលកេសី ទុក​ដូច​ជាកូនបង្កើត ។ មិនយូរប៉ុន្មានមេស្រុកនិងភរិយាក៏ស្លាប់ទៅ ។ កុដុម្ពីក៍និងនាងកុលកេសី ក៏ទទួលមត៌កអំពីឪពុកម្ដាយធម៌ បានឡើងជាមេស្រុកជំនួសឪពុកម្ដាយ ។
ចាប់ពីថ្ងៃនោះ កុដុម្ពីក៍និងនាងកុលកេសី បានឡើងជាអ្នកមានស្ដុកស្ដម្ភ ចេញមុខចេញមាត់មានខ្ញុំកំដរស្រីប្រុសបម្រើឆ្វេង-ស្ដាំឥតខ្វះ ទាំងក្រុមចោរដែលធ្លាប់តែរកស៊ីលួចប្លន់ក៏បាក់បបខ្លបខ្លាច,លែង​រកស៊ីលួចប្លន់ដូចមុនទៀត ត្រឡប់មកស៊ីតាមធម្មតាវិញ ។ តមក កុដុម្ពីក៍បាននាមថា:កុលកោដិកុដុម្ពីកសេដ្ឋី មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន ។
កុលកោដិកុដុម្ពីកសេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី បានបុត្រីមួយឈ្មោះនាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន នាង​ក៏​ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ស្រស់​ឆើត​ឆាយ​លើ​ស​កុមា​រិ​កា​ឯ​ទៀត ៗ ក្នុងស្រុក, ហើយនាងមានចិត្តជាទិព្វទៀតផង នាងគិតយ៉ាងណានឹងបានសម្រេចយ៉ាងនោះដូចប្រាថ្នា ។ លុះនាងកុមារីមានព្រះជន្ម ៧ វស្សា, មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ឈ្មោះនាងកាឡី មានកូនស្រី ២ នាក់ គឺៈ នាងចន្ទី និងនាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។ នាងមេម៉ាយកាឡីនេះមានបងស្រីម្នាក់ទៀតឈ្មោះកាឡីនីយា ។
មេកាឡីជាស្រីមេម៉ាយមានចិត្តសាវានឹកចង់បានប្ដី ដោយបានឮល្បីថា: កុលកោដិកុដុម្ពីសេដ្ឋីមានទ្រព្យច្រើន ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីកសេដ្ឋីព្រមស្នេហាជាមួយ ដោយ​ភ្លេច​នឹក​ដល់​នាង​កុល​កេសី ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍ ជាស្វាមីហើយក៏ច្រណែនឈ្នានីស ចាក់រុករករឿងលើកកំហុសដាក់ទៅលើនាងកុលកេសីប្រពន្ធដើម ថាជាស្រីមានសហាយស្មន្ធអន្ធការផ្សេង ៗ រៀង​រាល់​ថ្ងៃ​មិន​ចេះ​ឈប់​ឈរ​សោះ, ទាល់តែកុលកោដិកុដុម្ពីក៍ជឿតាមសម្ដីរបស់ខ្លួន ។
ថ្ងៃមួយ កុលកោដិកុដុម្ពីក៍ នាំនាងកុលកេសីទៅបង់សំណាញ់ក្នុងទន្លេ កំពុងតែបង់សំណាញ់ ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី និយាយ​តាម​ត្រង់​យ៉ាង​ណា ក៏កុដុម្ពីក៍មិនជឿ ក៏កើតជាជម្លោះក្នុងកណ្ដាលជលសា, ពេលនោះកុដុម្ពីក៍ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ ក៏ទៅកើតជាត្រីដំរី ដោយ​អំណាច​ផលា​និសង្ស​របស់​នាង​កុមារិកា​ជា​កូន​ដែល​នាង​មាន​ចិត្តជាទិព្វ ។
លុះកុលកោដិកុដុម្ពីក៍ត្រឡប់ មកវិញ នាងកុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា ឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះ, តែនាងកុមារិកាក៏នៅសួរជជីករកឫសគល់ថា: ខ្ញុំ​ឃើញ​ច្បាស់​ជា​ម៉ែ​ទៅ​ជា​មួយ​ឪ​ហើយ​ម្ដេច​ក៏​ឪ​ឆ្លើយ​ថា មិនដឹងយ៉ាងនេះ ? ។
នាងកុមារិកាសង្ស័យក៏ដើរទៅកំពង់ ដើម្បីតាមរកមើលមាតា ទៅដល់ក៏ទួញយំរៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ ក៏ងើបក្បាលពីក្នុងទឹកមកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ហើយ​និយា​យ​ថា: ម្ដាយគ្មានអីស៊ីទេ ម្ដាយឃ្លានណាស់ ចូរកូនរកចំណីឲ្យម្ដាយស៊ីផង ។នាង​កុមារិកាក៏សន្យាថានិងយកកន្ទក់និងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក នាងកុមារិកាបាននាមថ្មីថា “ មរណមាតា ” ។ មេកាឡី ក្រោយដែលបានដឹងថា: ត្រី​ដំរីនោះ​ជា​មាតា​នាង​មរណ​មាតា​ក៏ឲ្យចន្ទី-ចន្ទនីជាកូន ទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀត, តែដោយហេតុនាងមរណមាតាមានផលានិសង្សច្រើន ក៏បណ្ដាលឲ្យកណ្ដុរសពាំបានស្រកាត្រីដំរីពីរ ទុក​ឲ្យ​នាង​មរណ​មាតា​ដឹង ។ នាងមរណមាតាយកស្រកាត្រីពីរនោះទៅកប់ទុកក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់ ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ មេ កាឡី​ដឹង​ថា​ដើម​ត្រប់​ជា​មាតា​នាង​មរណ​មាតា ក៏ឲ្យគេយកដើមត្រប់ទាំងឫសទាំងគល់ទៅបុកកម្ទេចចោល, តែពេលនោះមានឆ្មាមួយ បានពាំឫសពីរសរសៃទុកឲ្យនាងមរណមាតា ។ នាង​យក​ឫស​ត្រប់​ពីរ​ទៅដាំ​ក៏​កើត​ជា​ដើម​រលួស​ពី​​រ​ដើម រលួសនេះ ប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៅ ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ ។
នៅថ្ងៃមួយ ព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្រពាតព្រៃ, ពេលថ្ងៃក្ដៅ ព្រះអង្គក៏យាចូលទៅសម្រាកព្រះកាយក្រោមម្លប់ដើមរលួសមួយគូនោះ ។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះ​អង្គ​ទ្រង់
​ត្រាស់​ សួររកម្ចាស់ដើមឈើចម្លែកនេះ ដើម្បីសុំគាស់យកទៅដាំឯក្នុងព្រះរាជវាំង ។ ស្ដេចទ្រង់យល់រូបឆោមនាងមរណមាតាដ៏ស្រស់បស់ ជាទីគាប់ព្រះទ័យហើយព្រះអង្គក៏ត្រាស់សុំដើមឈើនោះ, នាង​ក៏​ព្រម​ថ្វាយ ។ តែពួកអាមាត្យខំជីកគាស់យ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះ, លុះព្រះអង្គត្រាស់សួរនាងមរណមាតា នាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះ ស្រាប់​តែ​ដើម​រលួស​ផុសពីដីអណ្ដែតឡើងទៅដុះនៅក្នុងផើងមាស របស់ព្រះមហាក្សត្រ នៅឯមុខព្រះមហាប្រាសាទ ។
ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា ឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើង, ឯផ្កានោះឲ្យនាមហៅថា “ ផ្ការលួសមាស ” ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយ​
មាន​ពណ៌​ស្លឹកនោះត្រចះត្រចង់ណាស់ផង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print