ពលរដ្ឋអាមេរិករាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

ចែករំលែក៖

នៅថ្ងៃទី​២៩ ខែសីហា ពលរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនបាននាំគ្នាធ្វើបាតុកម្ម ក្នុងឱកាសខួបគម្រប់​៥៧ឆ្នាំថ្ងៃអាចារ្យ Martin Luther King អានសារលិខិត«ខ្ញុំមានក្តីសុបិនមួយ» ទន្ទឹមនឹងនោះក៏បានប្រឆាំងការរើសអើងជាតិសាសន៍ផងដែរ ។
ក្រុមបាតុកម្មរាប់ពាន់នាក់មកពីគ្រប់ទិសទីក្នុងទីក្រុងវ៉ាស៊ីនតោន​ បានប្រមូលផ្តុំគ្នានៅទីលាន ស្តូបLincoln ដែលជាទីតាំងធ្វើសកម្មភាពសិទ្ធិមនុស្សរបស់​Martin Luther King និងអានសារលិខិតជាប្រវត្តិសាស្ត្រនៅទីនោះ​ ក្នុងគោលដៅទាមទារតម្លាភាពដល់ក្រុមជនជាតិស្បែកខ្មៅ។
សមាជិក​ក្រុមបង្កើតបណ្តាញធ្វើសកម្មភាពអន្តរជាតិ ដែលមានឈ្មោះថា «យកជង្គង់ចេញពីករបស់យើងខ្ញុំ»​ ក្នុងគោលដៅទាមទារតម្លាភាព បញ្ចប់ការរើសអើងជាតិសាសន៍។
ចាប់តាំងពីខែឧសភាមកទល់ពេលនេះ ក្រោយពេលបុរសជនជាតិស្បែកខ្មៅឈ្មោះGeorge Floyd ត្រូវប៉ូលិសសង្គត់ករហូតដល់ស្លាប់នៅទីក្រុង Minneapolis ធ្វើឱ្យបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍បានកើតឡើងនៅទូទាំងអាមេរិក និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ តំបន់ខ្លះបាតុកម្មក្លាយជាអំពើហិង្សា សម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនទៀតផង។
ក្រុមជនជាតិស្បែកខ្មៅនៅអាមេរិក កាន់តែខឹងសម្បាក្រោយពេល ប៉ូលិសនៅទីក្រុង Kenosha រដ្ឋ Wisconsin កាលពីថ្ងៃទី​២៣ខែសីហា បានបាញ់បុរសស្បែកខ្មៅម្នាក់ឲ្យរងរបួសធ្ងន់​។ បាតុកម្មក៏បានផ្ទុះឡើងនៅទីក្រុងនេះ ឈានដល់ការបាញ់ប្រហារសមា្លប់មនុស្ស​២នាក់ និងរងរបួសម្នាក់។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់​បានសម្រេចដាក់កម្លាំង ទាហានដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់បញ្ចប់ការធ្វើបាតុកម្មហិង្សា​៕ ធី រីណា

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print