ជិះម៉ូតូបុកអ្នកថ្មើរជើងម្នាក់ខណៈកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកបើកម៉ូតូនិងអ្នកថ្មើរជើងម្នាក់បានស្លាប់បាត់បងជីវិតទាំង២នាក់តែម្ដង ខណៈដែលបុរសជាអ្នកបើកម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកបុរសជាអ្នកថ្មើរជើងពេញមួយទំហឹង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥៨នាទី
លើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលផ្នែកចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់គឺ ទី១-ឈ្មោះ​ ពិន វីរៈភេទប្រុស អាយុ៤៧ឆ្នាំ មានទី​លំនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FF-2130 និងជនរងគ្រោះទី២-ឈ្មោះ.កែវ សារិទ្ធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​(ជាអ្នកថ្មើរជើង)។
ប្រភពដដែលបន្តថា កាលពីវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះឈ្មោះកែវ សារិទ្ធ ជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវ​ក្នុងទិស​ដៅពីកើតទៅលិច លុះពេលដើរឆ្លងមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូ១គ្រឿងបើកបរដោយឈ្មោះ​ ពិន វីរៈ បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនបានបុកអ្នកថ្មើរជើងខាងលើបណ្តាលឱ្យស្លាប់តែម្តង។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកពញាឮបានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យវាស់វែង និងកសាងសំណុំរឿងដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសពទាំង២នាក់ ត្រូវសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print