ជំទាវ​រកស៊ីដីធ្លី​ល្បីឈ្មោះ​នៅ​សង្កាត់​ជ្រោយចង្វា​១​រូប​ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន

ចែករំលែក៖

​ភ្នំពេញ​៖​ ជំទាវ​រកស៊ី​ដីធ្លី​នៅ​សង្កាត់​ជ្រោយចង្វា​ដ៏​ល្បីឈ្មោះ​មួយ​រូប​ ឈ្មោះ​ ប៉ែន​ រត្ន​ថេ​ត​ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ ជា​ភរិយា​របស់​លោក​ឧកញ៉ា​ ឌុ​ច​ សា​រ៉ែ​ម​ ជា​មន្ត្រី​បម្រើ​ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ពី​បទ​លួច​លក់​អចលនទ្រព្យ​អ្នក​ដទៃ​ ។​ ​សូម​បញ្ជាក់​ថា​ នៅ​អំឡុង​ឆ្នាំ​២០០៥​ និង​ឆ្នាំ​២០០៦​ ឈ្មោះ​ ប៉ែន​ រត្ន​ថេ​ត​ រួម​ជាមួយ​អតីត​ស្វាមី​បាន​ទទួល​ប្រាក់​ពី​ពាណិជ្ជករ​ម្នាក់​ដើម្បី​រៀប​ដី​ក្នុង​ចំនួន​ជា​ច្រើន​ហិ​កតា​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្តុល​ ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដោយ​បាន​បំពេញបែបបទ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ឲ្យ​ទៅ​ម្ចាស់​ប្រាក់​ត្រឹមត្រូវ​តាម​ច្បាប់​ ។​ រយៈពេល​២​ឆ្នាំ​ក្រោយមក​ ក្នុង​អំឡុង​ឆ្នាំ​២០០៨​ ឈ្មោះ​ ប៉ែន​ រត្ន​ថេ​ត​ បាន​លួច​យក​ដី​ដដែល​ ដែល​មាន​ទីតាំង​ដូច​មានការ​រៀបរាប់​ខាងលើ​នេះ​ លក់​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត​តែ​ម្នាក់ឯង​បាត់​ ។​ 
​ពាណិជ្ជករ​ដែល​ជា​ម្ចាស់​ដី​ បាន​ដាក់​ពាក្យ​ប្តឹង​ចូល​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​ ។​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឈ្មោះ​ ប៉ែន​ រត្ន​ថេ​ត​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ ។​ 
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​នេះ​ កំពុង​តែ​មាន​អ្នក​អន្តរាគមន៍​ដ៏​ព្រោងព្រាត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ និង​ស្ថាប័ន​អយ្យការ​ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ឈ្មោះ​ប៉ែន​ រត្ន​ថេ​ត​ ឲ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ជា​លទ្ធផល​ គេ​ពុំ​ទាន់​ដឹង​ថា​ ឥទ្ធិពល​នៃ​ការ​អន្តរាគមន៍​នោះ​អាច​ទៅ​រួច​នឹង​ផ្លូវច្បាប់​ឬ​យ៉ាងណា​ ៕​ សុខ​ ខេ​ម​រ៉ា​ 
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print