ភ្នំពេញ៖ ប្ដីប្រពន្ឋពីរនាក់បានជិះម៉ូតូមកពីលក់បន្លែ ខណៈមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែអស់សាំង ហើយក៏ឲ្យអ្នកលក់សាំងដបនៅតាមដងផ្លូវចាក់ឲ្យ តែអ្នកលក់ចាក់សាំងមិនបានប្រយ័ត្នក៏ចាក់ហូរទៅប៉ះនិងក្បាលម៉ូស៊ី ក៏ផ្ទុះចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខនិងធានាគារឯកទេសអង្គរកាពីតាល តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសម្នាក់ជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ និងប្រពន្ឋបានជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1H.4089 ដែលទើបនឹងចេញពីលក់បន្លែនៅផ្សារទួលគោក ហើយបានជិះមកតាមបណ្ដោយផ្លូវព្រះនរោត្ដម បំណងទៅផ្ទះវិញ នៅភូមិកោះក្របី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពដដែលបានប្រាប់បន្តថា ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែអស់សាំង ហើយក៏ឲ្យអ្នកលក់សាំងដប តាមដងផ្លូវចាក់ឲ្យ តែអ្នកលក់សាំង ចាក់មិនបានប្រយ័ត្នក៏ហូរទៅប៉ះនិងក្បាលម៉ូស៊ី ហើយក៏ផ្ទុះចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ឋោសន្ឋៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឈប់មើល ធ្វើឲ្យមានការកក់ស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង ។ភ្លាមៗនោះក៏មានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរកន្លែងនោះបាន យកទឹកម្នាក់មួយធុងមកជះពន្លត់ ដោយប្រើប្រាស់ទឹកតែបីធុងតែប៉ុណ្ណោះក៏រលត់ទៅវិញតែម្ដង។
ដោយឡែកប្ដីប្រពន្ឋទាំងពីរនាក់នោះបានត្រឹមតែអង្គុយយំដែល សោកស្ដាយម៉ូតូរបស់ខ្លួន ដោយគាត់ប្រាប់ថា រាលថ្ងៃនេះគាត់ជាអ្នកក្ររំពឹងម៉ូតូនេះសម្រាប់ធ្វើដំណើរ បើវាឆេះជិតអស់ហើយនេះតើគាត់បានអីធ្វើដំណើរ ហើយអ្នកលក់សាំងនោះក៏បានប្រមូលអីវ៉ាន់គេចខ្លួនបាត់ទៅហើយ ដោយមិនជួយដោះស្រាយឲ្យគាត់សោះ ។
បន្ទាប់ក្រោយមកជនរងគ្រោះក៏បានខលទៅបងប្អូន ដើម្បីឲ្យយករ៉ុម៉ក់កង់បីមកជួយដឹកយកទៅផ្ទះវិញ ដើម្បីជួសជុលដោយខ្លួនឯង៕
ដោយ៖ ជីម ភារ៉ា ដង្កោ