លោក ឃួង ស្រេង អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩និងបើកបរដោយការយោគយល់អធ្យាស្រ័យគ្នាក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩និងសូមអ្នកបើកបរទាំងអស់ដែលត្រូវទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមទីវត្តអារាមនានាធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្តនៅរមណីយដ្ឋាននានា សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់ ជៀសវាងការមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ការអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយឱបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេងបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តអនាម័យលាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត ការពាក់ម៉ាស់ឬក្រមា និងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម ។ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ព្រោះថាមកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ ទោះបីគ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាទីក្រុងនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភបំផុត។
លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើទៅដល់កអ្នកបើកបរទាំងឡាយដែលត្រូវធ្វើដំណើរទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តាមទីវត្តអារាម ទាំងនៅទីក្រុងនិងជនបទ ក៏ដូចជាធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្ត ជួបជុំក្រុមគ្រួសារតាមបណ្ដារមណីយដ្ឋាននានា សូមបើកបរដោយការយោគយល់អធ្យាស្រ័យគ្នាខ្ពស់និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជៀសឱ្យផុតពីគ្រោះថ្នាក់ចរាចរណ៍៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print