អន្តរជាតិ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសប្រទេសឆេក បានកោះហៅបេសកជនចិនប្រចាំទីក្រុងប្រាក ដើម្បីស្ដាប់ការពន្យល់ទាក់ទងការគំរាមរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លើប្រធានព្រឹទ្ធសភាឆេកដែលកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ ប៉ុន្តែជុំវិញបញ្ហានេះក្រសួងការបរទេសចិន ក៏បានកោះហៅអគ្គរដ្ឋទូតឆេកប្រចាំប៉េកាំង ដើម្បីតវ៉ានឹងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាឆែកផងដែរ ។ ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក Vystrcil ទៅកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ បានបំពានលើគោលនយោបាយ «ចិនតែមួយ»។
មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ថែមទាំងព្រមានចំៗថា លោក Vystrcil នឹងទទួលផលតបស្នងចំពោះទង្វើរបស់ខ្លួនទៀតផង។ សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Milos Vystrcil ប្រធានព្រឹទ្ធសភាឆែក និងជាអ្នកនយោបាយប្រឆាំងនៅកោះតៃវ៉ាន់ កំពុងធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលឆេក និងរដ្ឋាភិបាលចិនល្អក់កករខ្លាំង។ ចិនខឹងសម្បារជាខ្លាំងនឹងដំណើរទស្សនកិច្ចរបស់លោកVystrcil ទៅកាន់តៃវ៉ាន់ដែលខ្លួនចាត់ទុកជាអាណាខេត្តរបស់ខ្លួនមួយនោះ ហើយចាត់ទុកជាការបំពានគោលនយោបាយចិនតែមួយទៀតផង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់សម្តីលោករដ្ឋមន្ត្រីការបរទេសឆេក Tomas Petricek លើកឡើងថា លោករំពឹងថា ចិននឹងពន្យល់សម្ដីរបស់លោក វ៉ាង យី ឲ្យច្បាស់ ។ បន្ទាប់លោក វ៉ាង យី បានប្រើសម្ដីព្រមានខ្លាំងៗ ធ្វើឲ្យទីក្រុងប្រាកមិនសប្បាយចិត្តឡើយ។ក្រោយមកនៅថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ ក្រសួងការបរទេសឆេក បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសMartin Tlapa បានអញ្ជើញអគ្គរដ្ឋទូតចិនទៅសួរនាំពីសម្ដីរបស់រដ្ឋមន្ត្រីការបរទេសចិន និងប្រាប់ថា ឆេកមិនយល់ស្របតាមការនិយាយបែបនេះឡើយ។
លោក Petricek និយាយនៅថ្ងៃទី៣១ ខែសីហា ដោយសំដៅទស្សនកិច្ចលោក Vystrcil និងការព្រមានចាត់វិធានការរបស់ចិនថា៖ «ច្បាស់ណាស់ ដំណើរទស្សនកិច្ចនេះ ប៉ះពាល់ទំនាក់ទំនងជាមួយចិន ប៉ុន្តែខ្ញុំគិតថា វាហាក់ទៅហួសពេកហើយ។» នាយករដ្ឋមន្ត្រីឆេក លោកAndrej Babis វិញ ក៏ប្រតិកម្មនឹងសម្ដីលោក វ៉ាង ដែរ ដោយចាត់ទុកជារឿងមិនសមរម្យ។
ខណៈលោក Vystrcil កំពុងស្ថិតនៅតៃវ៉ាន់នៅឡើយ ហើយក្រសួងការបរទេសចិន ក៏បានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថាអនុរដ្ឋមន្ត្រីការបរទេស Qin Gang ក៏បានកោះហៅបេសកជនឆេក Vladimir Tomsik ដើម្បីតវ៉ាផងដែរ។ លោក Qin អះអាងថា ទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាឆេក បានបំពានធ្ងន់ធ្ងរអធិបតេយ្យរបស់ចិន និងថា ទីក្រុងប៉េកាំងនឹងចាត់វិធានការដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ខ្លួន។
បើមែនទែនទៅ រដ្ឋាភិបាលឆេក ក៏ទទួលស្គាល់គោលនយោបាយចិនតែមួយដែរ ដោយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ កន្លងទៅ ឆេក ក៏មិនបានបញ្ជូនប្រតិភូណាមួយទៅកាន់តៃវ៉ាន់ជាផ្លូវការដែរ។ ចំណែកលោក Vystrcil វិញ ជាអ្នកនយោបាយមកពីក្រុមប្រជាធិបតេយ្យស៊ីវិលដែលជាក្រុមប្រឆាំងនៅឆេក ហើយត្រូវជឿថា មិនជាប់កាតព្វកិច្ចអ្វីទាក់ទងនឹងនយោបាយចិនតែមួយដែរ៕ដោយ៖ស តារា