ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី ក្រោមអធីបតីភាពលោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពី លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ព្រមទាំងរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក សមាជិការក្រុមការងារអ្នកជំនាញផ្នែកច្បាប់ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា កិច្ចប្រជុំពិភាក្សានេះ គឺធ្វើឡើងក្រោយពីលោក បានទទួលសំណើសុំឲ្យផ្ដល់ជាជំនួយក្នុងការរៀបចំ ពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជានេះ ហើយកន្លងមក ក្រុមការងារពាក់ព័ន្ធបានប្រជុំជាបន្តបន្ទាប់ និងរៀបចំជាទិសដៅឡើងវិញ ប៉ុន្តែ នៅមានចំណុចខ្លះមិនទាន់មានការកែសម្រួលបានគ្រប់ជ្រុងជ្រោយនៅឡើយ។ ឯកឧត្តមបានស្នើឲ្យស្ថាប័ននានាដែលចូលរួមក្នុងកិច្ចប្រជុំនេះផ្ដល់ជាយោបល់ ក៏ដូចជាធាតុចូលបន្ថែម សម្រាប់ពិភាក្សាពិស្ដារលើជំពូកនីមួយៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានលើកឡើងថា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ ក្រសួងមហាផ្ទៃបានរៀបចំក្រុមការងារមួយ ដើម្បីធ្វើការរួមគ្នាក្នុងការកែលម្អលើច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយយកច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ដែលប្រទេសកម្ពុជាយកមកអនុវត្តរហូតមក ធ្វើជាមូលដ្ឋានក្នុងការរៀបចំធ្វើច្បាប់ថ្មីនេះ។ លោកបានបន្ថែមថា ការប្រជុំអន្តរក្រសួងលើសេចក្ដីព្រាងច្បាប់នេះមានលក្ខណៈចាំបាច់ ដើម្បីពិភាក្សាលើច្បាប់នេះឲ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈកាន់តែប្រសើរ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រង និងអនុវត្តចំពោះជនបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រកកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជណាចក្រកម្ពុជា៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print