ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញបាន
បញ្ជូនស្ត្រីនិងប្រុសសហាយដែលស្ទាក់សម្លាប់ប្តីខ្លួនឯងទៅតុលាការបន្ទាប់ពីគម្រោងសម្លាប់ប្តីមិនបានសម្រេចរួចមក។
ការបញ្ជូនជនសង្ស័យទៅតុលាការនេះធ្វើឡើងនៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២០។
យោងតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ស្ត្រីដែលនាំប្រុសសាហាយមកចាំកាប់ប្តីខ្លួនឯងនោះ មានឈ្មោះ ឃឺន ស្រីរដ្ឋ អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ។
ស្ត្រីក្បត់ប្តីនេះបានប្រើល្បិចឱ្យប្តីរបស់ខ្លួនឈ្មោះ ជឿន ធារ៉ា អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គជូនទៅហូបមីហឹរនៅផ្សារថ្នល់ទទឹង រហូតដល់ម៉ោង៨យប់ទើបត្រឡប់ទៅវិញ។ ខណៈនោះ ឈ្មោះ ស្រីរដ្ឋ បានទូរស័ព្ទហៅឲ្យឈ្មោះ ធីម ធា ហៅ ហ័ង អាយុ២០ឆ្នាំ មកស្ទាក់សម្លាប់ប្តីខ្លួនឯង នៅពេលពួកគេជិះម៉ូតូតាមផ្លូវលេខ៥១ ដល់ចំណុចខាងត្បូងវត្តអង្គតាឡិក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ដោយជនសង្ស័យឈ្មោះ ធា ជិះម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តទៀតថា ខណៈប្តីប្រពន្ធនោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឃាត់ម៉ូតូជនរងគ្រោះ រួចឈ្មោះ ស្រីរដ្ឋ ជាប្រពន្ឋបានចុះពីលើម៉ូតូហើយក៏បានយកដាវពីឈ្មោះធឹម ធាកាប់ទៅលើឈ្មោះ ជឿន ធារ៉ា ជាប្តីតែកាប់មិនត្រូវជនរងគ្រោះ ។ប្រភពបន្តទៀតថា ក្រោយឃើញសភាពការណ៍មិនស្រួលជនរងគ្រោះក៏ជិះម៉ូតូគេចទៅត្បូងបាត់ទៅ ។ ចំណែកជនសង្ស័យ ធឹម ធាបានដឹកឈ្មោះស្រីរដ្ឋ មកលេងសួនច្បារ ខេត្តកំពង់ស្ពឺដេកនៅទីនោះមួយយប់ លុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចឃាតខ្លួនតែម្តង។ បន្ទាប់ពីស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ហើយត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំតុលាការចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ