ភ្នំពេញ៖ សារលិខិតអបអរសាទរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកស្រី ង្វៀន ធី គឹម ងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសទិវាឯករាជ្យជាតិខួបអនុស្សាវរីយ៍ លើកទី៧៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ តាងនាមរដ្ឋសភា និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងក្លៀវក្លា និងមនោសញ្ចេតនាកក់ក្តៅ ស្និទ្ធស្នាលបំផុត ជូនចំពោះ លោកស្រីប្រធាន រដ្ឋសភា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមទាំងមូល ក្នុងឱកាសទិវាឯករាជ្យជាតិខួបអនុស្សាវរីយ៍ លើកទី៧៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
ឆ្លៀតក្នុងឱកាស ដ៏មហាវិសេសវិសាលនេះខ្ញុំមានក្តីសោមនស្សរីករាយជាអនេកជាមួយបក្ស រដ្ឋនិងប្រជាជន វៀតណាម ដែលបន្ទាប់ពីបានទទួលឯករាជ្យកន្លងមក មានការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់។ ជាពិសេសនៅក្នុង អាណត្តិរបស់ លោកស្រីប្រធាន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ត្រូវបានពង្រីកពង្រឹងយ៉ាងរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព នៃប្រទេស យើងទាំងពីរ នឹងកាន់តែរីកចំរើនលូតលាស់ឥតឈប់ឈរជានិច្ចនិរន្តរ៍ ដើម្បីបម្រើនូវឧត្តមប្រយោជន៍រួមគ្នាទៅ វិញទៅមក រវាងប្រជាជន និងប្រទេសយើងទាំងពីរជាបងប្អូន។
ជាថ្មីម្តងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនចំពោះ លោកស្រីប្រធាន និងថ្នាក់ដឹកនាំ ទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរណ៍ និងជ័យជំនះគ្រប់ភារកិច្ច និងសូមជួនពរប្រជាជនវៀតណាមជាបង ប្អូន ក៏ដូចជាសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងមូល បន្តទទួលបានភាពចម្រើនរុងរឿងតរៀងទៅ៕
ដោយ៖ សុខ ខេមរា