យានដ្ឋានជួសជុលរថយន្ត ចំនួន៤៣ទីតាំង រកឃេីញ១២ទីតាំងគ្មានច្បាប់អនុញ្ញាត ក្រោយពេលមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចុះពិនិត្យ

ចែករំលែក៖

ភ្នំពេញ៖ យានដ្ឋានកែច្នៃ និងជួសជុលរថយន្តសរុបក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន៤៣ទីតាំង ដែលក្នុងនោះរកឃើញទីតាំងដែលគ្មានច្បាប់អនុញ្ញាតចំនួន១២ទីតាំង ក្រោយពេលមន្ទីរសាធារណការ និងដឹកជញ្ជូន សហការជាអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញចុះពិនិត្យ រួចហើយអាជ្ញាធរបានបិទទីតាំងដែលគ្មានច្បាប់ជាបណ្ដោះអាសន្ន និងណែនាំឱ្យម្ចាស់អាជីវកម្មទៅស្នើសុំច្បាប់អាជីវកម្មពីមន្ទីរសាធារណការឱ្យបានត្រឹមត្រូវទើបអនុញ្ញាតឱ្យបើកយានដ្ឋានដំណើរការឡើងវិញ។

ការចុះត្រួតពិនិត្យអាជីវកម្មនេះ ត្រូវបានធ្វើឡើងចំនួន២ថ្ងៃជាប់គ្នា គឺនៅព្រឹកថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានភ្នំពេញ ក្រោមការដឹកនាំរបស់លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រេីនរូបទៀត ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានឱ្យដឹងថា យានដ្ឋានទាំងអស់នៅមូលដ្ឋានខណ្ឌដូនពេញសរុបមានចំនួន៤៣ទីតាំង តែដោយឡែកយានដ្ឋានខ្លះទីតាំងមានតែផ្ទះ១ល្វែង ដូច្នេះពុំមានចំណតសម្រាប់រថយន្តគ្រប់គ្រាន់ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌក៏ចុះធ្វើការណែនាំឱ្យផ្អាកផងដែរ តែម្ចាស់ទីតាំងបានប្ដូរពីយានដ្ឋានមកជាទីតាំងប្ដូរប្រេងម៉ាស៉ីនវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន៦ទីតាំងដោយរកឃេីញ៦ទីតាំងនោះខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វេីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំឱ្យស្នើសុំច្បាប់អនុញ្ញាតតាមសេចក្ដីណែនាំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូន។

លោក អភិបាលខណ្ឌបានបញ្ជាក់បន្ថែមថា ចំពោះទីតាំងដែលមានផ្ទះតែ១ល្វែងគឺដាច់ខាតមិនអនុញ្ញាតឱ្យបើកជាយានដ្ឋានជួសជុលរថយន្តឡើយ តែអាចអនុញ្ញាតជាទីតាំងលក់គ្រឿងបន្លាស់ឬគ្រឿងតុបតែងរថយន្តបាន។

ជាចុងក្រោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានរំលឹកថា ចំពោះទីតាំងទាំង១២ ដែលគ្មានច្បាប់អនុញ្ញាតត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន ហើយបើបន្តបើកប្រកបអាជីវកម្មលួចលាក់នោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមិនអនុញ្ញាតឱ្យបើកបន្តឬស្នើសុំច្បាប់ប្រកបអាជីវកម្មទៀតឡើយ៕ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print