រដ្ឋាភិបាល​ថៃ សម្រេច​ចិត្ត​ពន្យារពេល​ទិញ​នាវាមុជទឹក​​ពី​ចិន ដែលមាន​តម្លៃ​៧រយ​លាន​ដុល្លារ ក្រោយ​ប្រជាជន​ថៃ​នាំគ្នា​តវ៉ា​

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ប្រជាជន​ថៃ​នាំគ្នា​តវ៉ា​ នៅលើបណ្ដាញសង្គម Twitter ដោយអ្នកប្រើប្រាស់​ជនជាតិ​ថៃ ​នាំគ្នា​ចែករំលែក​សារ​ថា៖ ប្រជាជន​មិន​ត្រូវការ​នាវាមុជទឹក​នោះឡើយ​ ព្រោះការប្រើប្រាស់​លុយ​សន្ធឹកសន្ធាប់​នៅពេល​សេដ្ឋកិច្ច​ប្រទេសថៃ កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ COVID-19នោះ ។ ប៉ុន្តែពេលនេះរដ្ឋាភិបាល​ថៃ បានសម្រេច​ចិត្ត​ពន្យារពេល​ទិញ​នាវាមុជទឹក​ចំនួន​ពីរ​គ្រឿងពីប្រទេស​ចិន ដែលមាន​តម្លៃ​៧២៤​លាន​ដុល្លារ។ ព្រោះនាវាមុជទឹក​ពីរ​គ្រឿង​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​ថៃ​ជំនាន់​រដ្ឋាភិបាលយោធា និង​ចិន​ក្នុង​ការទិញ​លក់​នាវាមុជទឹក​ចំនួន​បី​គ្រឿង​។​

​សូមជម្រាបថា បន្ទាប់ពីប្រជាជន​ថៃ បានបង្ហាញ​ការមិនសប្បាយចិត្ត​ខ្លាំង​ក្រោយ​អនុគណៈកម្មាធិការ​សភា​យល់ព្រម​លើ​គម្រោង​ទិញ​នាវាមុជទឹក​ពីរ​គ្រឿង​តម្លៃ​៧២៤​លាន​ដុល្លារ​ពីប្រទេស​ចិន ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​គម្រោង​នេះ​ចោល ព្រោះ​កាលៈទេសៈ​បច្ចុប្បន្នមិនមែនជា​ពេលដែល​ត្រូវ​ចំណាយលុយ​ក្រាស់ក្រែល​លើ​យុទ្ធោបករណ៍​ឡើយ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចេញផ្សាយថា លោក  Anucha Burapachaisri អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ កាលពីថ្ងៃទី​៣១ ខែសីហាម្សិលមិញនេះ បាននិយាយថា៖ លោកនាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​រដ្ឋមន្ត្រី​ការពារជាតិ បាន​ប្រាប់​ឲ្យ​កងទ័ពជើងទឹក​ពិចារណា​ពន្យារពេល​ទិញ​នាវាមុជទឹក​នេះ​សិន​។ លោក Anucha បន្ថែមថា​៖ «​កងទ័ពជើងទឹក​ថៃ នឹង​ជជែក​ជាមួយ​ភាគី​លើ​ការពន្យារពេល​មួយឆ្នាំ​​»។លោក Anucha សង្កត់ធ្ងន់ថា លោក ប្រា​យុទ្ធ ផ្ដល់​អាទិភាព​មុន​ដល់​ការដោះស្រាយ​ក្ដីបារម្ភ​របស់​ប្រជាជន​ថៃ ។

​សូមជម្រាបថា ក្រោយ​មានការ​រិះគន់ កងទ័ពជើងទឹក​ថៃ ក៏​ចេញមុខ​ការពារ និង​បកស្រាយ​ការទិញ​នេះដែរ​។ ដោយទ័ពជើងទឹក​ថៃ​ បានអះអាងថា លុយ​ដែល​ត្រូវ​ចំណាយ​លើ​ការទិញ​នេះ ជាការ​ដកចេញ​កញ្ចប់​ថវិកា​របស់ខ្លួន​ប៉ុណ្ណោះ ស្របពេល​ប្រទេស​ក្នុង​តំបន់​មាន​វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ក៏មាន​នាវាមុជទឹក​ស្រាប់​ហើយ​នោះ​។ ម្យ៉ាង ការទិញ​នេះ ក៏​ជា​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ស្រាប់​ដែរ ខណៈដែល​ការបញ្ជាទិញ​នាវាមុជទឹក​មួយគ្រឿង​ដំបូង នឹង​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​ ប៉ុន្តែពេលនេះរដ្ឋាភិបាល​ថៃ ក៏​យល់ព្រម​ផ្អាក​ការទិញ​នេះ​សិន​ដែរ ។

​គួរបញ្ជាក់ថា បច្ចុប្បន្ននេះ វិបត្តិសេដ្ឋកិច្ចនីប្រទេស​ថៃ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ​ព្រោះវិស័យ​ទេសចរណ៍​ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​វិស័យ​ផលិត​ទំនិញ​នាំចេញ រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយសារ​ជំងឺ COVID-19 ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print