ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារប្រញាប់ប្រញាល់នាំគ្នាជួយសង្គ្រោះជីវិត តែអកុសលហួសពេលទៅហើយខណៈដែលស្ត្រីម្នាក់និងក្មេងប្រុសម្នាក់បាននាំគ្នា
ទៅជញ្ជាត់ត្រីរួចហែលឆ្លងទឹកតាមប្រឡាយបណ្ដាលឱ្យលង់ស្លាប់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពី
ថ្ងៃអង្គារ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ៈ១៥នាទីព្រឹកស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ
កែត សារ៉ាន់ អាយុ ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងក្មេងប្រុសដែលហែលឆ្លងផុតមានឈ្មោះ ហឿន ពេទ្យ អាយុ ១២ ឆ្នាំ រស់ក្នុងភូមិឃុំជាមួយគ្នា។
បើតាមក្មេងប្រុសឈ្មោះហឿន ពេទ្យ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគេនិងស្ត្រីរងគ្រោះបាននាំគ្នាទៅជញ្ជាត់ត្រីនិងបានឆ្លងតាមទឹកប្រឡាយ ខណៈនោះមិនដឹងយ៉ាងម៉េចស្រាប់តែស្ត្រីខាងលើហែលបានពាក់កណ្ដាលប្រឡាយក៏ឈ្លក់ទឹកទើបរូបគេឡើងគោកនិងបានរត់ទៅហៅអ្នកភូមិក្បែរនោះមកជួយតែជាអកុសលយឺតពេលទៅហើយ។
សពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕
យឹម សុថាន