ភ្នំពេញ ៖ យុវជនម្នាក់បានធ្វើសកម្មភាពច្របាច់កស្ត្រីម្នាក់ដែលកំពុងអង្គុយលក់ចាប់ហួយតែម្នាក់ឯង រួចហើយលូកហោប៉ៅយកលុយបានមួយក្ដាប់រត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយដេញតាមចាប់បានហើយវាយម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣នឹង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង លេខ១៩E ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ រ៉ា ណិត អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក ស្នាក់នៅមិនពិតប្រាកដ ។ចំណែកជនរងគ្រោះមិនបានប្រាប់អត្តសញ្ញាណទេ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមសម្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់អង្គុយលក់ដូរអីវ៉ាន់ចាប់ហួយនៅមុខផ្ទះរបស់គាត់(កន្លែងកើតហេតុ)ដូចសព្វដង លុះយប់ជ្រៅបន្តិចក៏ស្រាប់តែមានជនសង្ស័យម្នាក់មិនដឹងជាដើរមកពីណាទេ បានមកអង្គុយសំកុកនៅក្បែរកន្លែងគាត់លក់។ ដោយឃើញអាការគួរឱ្យសង្ស័យ ព្រោះរូបគាត់ឃើញជនសង្ស័យចេះតែក្រឡេកមើលឆ្វេងមើលស្ដាំ សម្លឹងរកមើលអ្វីផ្សេងៗក្នុងផ្ទះរបស់គាត់ ទើបគាត់កសួរថា រកអ្វី? ជនសង្ស័យក៏ឆ្លើយប្រាប់ថា ចាំលក់ទូរស័ព្ទ (អិនចុចពិល) តែអ្នកទិញមិនទាន់មកយក ហើយក៏យកមកបង្ហាញគាត់ផងដែរ តែគាត់ប្រាប់ថា សម័យនេះគេមិនសូវនិយមប្រើទេ ទូរស័ព្ទម៉ាកហ្នឹងនោះ រួចប្រាប់ឱ្យជនសង្ស័យដើរទៅអង្គុយចាំនៅកន្លែងផ្សេងឆ្ងាយពីកន្លែងគាត់លក់ដូរបន្តិចទៅ ។
ក្រោយមក ជនសង្ស័យក៏បានដើរទៅវិញទៅមក ងើបអង្គុយចុះឡើងៗរហូតមកដល់ម៉ោងកើតហេតុ នៅមុខផ្ទះគាត់មានសភាពស្ងាត់ និងមិនទាន់មានអាជីវករណា ឬកម្មករអូសរទេះបន្លែផ្សេងៗណាមកទិញអីវ៉ាន់ឡើយ ទើបជាឱកាសរបស់ជនសង្ស័យបានស្ទុះចូលមកចាប់ច្របាច់កគាត់ រួចលូកហោប៉ៅគាត់យកលុយ ពេលនោះរូបគាត់បានប្រតាយប្រតប់ និងស្រែកឲ្យគេជួយ ទើបជនសង្ស័យយកលុយបានមួយក្ដាប់(មិនដឹងចំនួន) ក៏ស្ទុះរត់គេចខ្លួន ផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាជួយដេញតាមចាប់ជនសង្ស័យផងដែរ តែជនសង្ស័យបានរត់ពួនកន្លែងងងឹតមួយកន្លែងនៅតាមផ្លូវលេខ២៣០ ជិតរបងម៉ុងឌីយ៉ាល់បាត់មួយសន្ទុះ តែចៃដន្យត្រូវបានអ្នកជិតខាងត្រលប់មកវិញប្រទះឃើញក៏នាំគ្នាឡោមព័ទ្ធចាប់បាន វាយម្នាក់មួយដៃម្នាក់មួយជើងទើបរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍ផ្សារដើមគ ចុះមកយកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ ។
បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ