នាយកដ្ឋានអាកាសចរណ៍វៀតណាម បានផ្ញើលិខិតទៅកាន់ក្រសួងចរាចរណ៍ដឹកជញ្ជូន ស្តីពីគម្រោងបើកផ្លូវហោះហើរអន្តរជាតិឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ក្រោយការផ្អាកជាច្រើនខែកន្លងមក ដោយសារតែកូវីដ-១៩។
នាយកដ្ឋានអាកាសចរណ៍វៀតណាម ស្នើតភ្ជាប់ជើងហោះហើរ ទីក្រុងហាណូយ-តូក្យូ និងទីក្រុង ហូជីមិញ-តូក្យូ មួយសប្តាហ៍ហោះហើរមួយជើងទៅ-មក ។ វៀតណាមបានកំណត់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines សហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍Pacific Airlines រៀបចំជើងហោះហើរខាងលើ ដោយប្រើយន្តហោះប្រភេទ Boeing B787 ហើយជើងហោះហើរនឹងធ្វើឡើងជារៀងរាល់ថ្ងៃអង្គារ ក្នុងសប្តាហ៍។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Vietjet Air នឹងហោះហើរពីទីក្រុងហូជីមិញទៅទីក្រុងតូក្យូ ដោយប្រើយន្តហោះ Airbus A321 រៀងរាល់ថ្ងៃអង្គារ។ ចំណែកអ្នកដំណើរដែលចូលមកទីក្រុងហូជីមិញនិងហាណូយត្រូវធ្វើចត្តាឡីស័ក ច្រើនបំផុត៥៦០នាក់ ក្នុងមួយសប្តាហ៍។
ជាមួយប្រទេសចិនវិញ នាយកដ្ឋានអាកាសចរណ៍វៀតណាម ក៏បានស្នើបើកជើងហោះហើរឡើងវិញពីទីក្រុងហូជីមិញទៅក្វាងចូវ១ជើងក្នុងមួយសប្តាហ៍ ដោយមានអ្នកដំណើរច្រើនបំផុត៥៤០ នាក់ក្នុងមួយសប្តាហ៍។
ជាមួយកូរ៉េខាងត្បូង នាយកដ្ឋានអាកាសចរណ៍វៀតណាមបានស្នើឲ្យបើកជើងហោះហើរ១ជើងមួយសប្តាហ៍ទៅមក ។ ជាមួយគ្នានេះក៏មានជើងហោះហើរទៅកាន់តៃវ៉ាន់ ឡាវនិងកម្ពុជាផងដែរ ដោយមានការហោះហើរ១ជើងក្នុងមួយសប្តាហ៍ តាមជើងហោះហើររបស់ក្រុមហ៊ុនVietnam Airlines៕