លោកស្រី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារឯកទេសស្រាវជ្រាវ និងចងក្រងឯកសាររបាំក្បាច់បុរាណខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារឯកទេសស្រាវជ្រាវ និងចងក្រងឯកសារទាក់ទងក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ។ ក្រុមការងារស្រាវជ្រាវនេះរួមមាន លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីរបាំក្បាច់បុរាណ មន្ត្រីរាជការ និងអ្នកឯកទេសខាងរបាំជាច្រើនរូប។

ដំណើរទស្សនកិច្ចរបស់លោកស្រីឧបនាយករដ្ឋមន្ត្រីនាថ្ងៃនេះអមដំណើរដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ និងលោក លោកស្រី អស់លោក-លោកស្រី ដែលជាមន្ត្រីរាជការ សាស្ត្រា
ចារ្យ លោកគ្រូ-អ្នកគ្រូជាច្រើនរូបទៀត។

នាកម្មវិធីដំណើរទស្សនកិច្ចនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងភ្ញៀវកិត្តិយសបានទស្សនាការសម្តែងក្បាច់ពត់ដៃ ជើង និងក្បាច់បាតខ្លីដោយក្រុមនាង និងក្រុមនាយរោង ក្បាច់បាតយក្ស ក្បាច់បាតស្វា ម្ករ និងរបាំពូថៅ។ របាំទាំងនេះសម្តែងដោយគ្រូដែលមានវ័យចំណាស់ រួមជាមួយយុវតី និងនិស្សិត។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវនេះធ្វើឡើងក្នុងគោលដៅរក្សាទម្រង់សិល្បៈបុរាណខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យ ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផ្នែកសម្បត្តិមនុស្សជាតិកាលពីឆ្នាំ២០០៣៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print